អ៊ីរ៉ង់ គំរាមវាយប្រហារភ្លាមៗទៅលើមូលដ្ឋានទ័ព និងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក

អ៊ីរ៉ង់បានគំរាមវាយប្រហារមូលដ្ឋានទ័ព និងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកភ្លាមៗ ក្នុងករណីមានការវាយប្រហារណាមួយ ខណៈភាពតានតឹងកើនឡើងបន្ទាប់ពីការព្រមានពីប្រធានាធិបតីអាមេរិក Donald Trump និងការកំណត់របស់សហភាពអឺរ៉ុបលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្ម។
អ្នកនាំពាក្យយោធាអ៊ីរ៉ង់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៩មករាសប្ដាហ៍នេះថា ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសកម្មភាពណាមួយរបស់អាមេរិកនឹងមានលក្ខណៈម៉ឺងម៉ាត់ និងភ្លាមៗ មិនដូចការឆ្លើយតបមានកំណត់ដែលមើលឃើញក្នុងអំឡុងពេលប៉ះទង្គិចគ្នារយៈពេលខ្លីកាលពីឆ្នាំមុននោះទេ។
ឧត្តមសេនីយ៍ឯក Mohammad Akraminia បានប្រាប់ទូរទស្សន៍រដ្ឋថា នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកមាន “ភាពងាយរងគ្រោះធ្ងន់ធ្ងរ” ហើយមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រគឺ ស្ថិតនៅក្នុងចម្ងាយនៃមីស៊ីលរយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ ។
លោក Akraminia បាននិយាយថា “ប្រសិនបើការគណនាខុសបែបនេះត្រូវបានធ្វើឡើងដោយអាមេរិក នោះវាពិតជាមិនដូចរបៀបដែលលោក Trump ស្រមៃនោះទេ” ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកាតា ច្រកការទូតក្នុងតំបន់បានបន្ត ខណៈលោកនាយករដ្ឋមន្ត្រីកាតា Emir Sheikh Tamim bin Hamad Al Thani បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។
លោក Trump បានព្រមានថា «ពេលវេលាជិតអស់ហើយ» សម្រាប់ទីក្រុងតេអេរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
កាលពីថ្ងៃពុធ លោកបាននិយាយថា ក្រុមនាវាវាយប្រហារកងទ័ពជើងទឹកអាមេរិក ដែលត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា «ត្រៀមខ្លួនជាស្រេច ប្រកបដោយឆន្ទៈ និងសមត្ថភាព» ក្នុងការឆ្លើយតប៕

You might also like