កម្ពុជា ប្រមូលសួយសារអាករ និងពន្ធនាំចេញពីវិស័យថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារ
នៅក្នុងរយៈ៣ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារអាករ និងពន្ធនាំចេញ (មិនគិតចំណូលពន្ធដារ) នៅលើ ការធ្វើអាជីវកម្មថ្មអារ មានទឹកប្រាក់សរុបជិត ៤០ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិកាអាជីវកម្មនៅក្នុងស្រុក។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគម ថ្មអារកម្ពុជា អាណត្តិទី១ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សម្រាប់គោលដៅវិនិយោគលើវិស័យរ៉ែ គឺមានសារៈសំខាន់ណាស់ ដោយវិស័យនេះបានបង្កើតការងារ និងចំណូលជូនប្រជាជន ក៏ដូចរាជរដ្ឋាភិបាលបានចំណូលមួយចំនួនសម្រាប់ការអភិវឌ្ឍប្រទេស ក្នុងនោះចំពោះវិស័យថ្មអារ ដែលបានបង្កើតសមាគមនៅពេលនេះ គឺមានគោលបំណង ដើម្បីឈានទៅជម្រុញអភិវឌ្ឍន៍វិស័យនេះឱ្យ កាន់តែរីកចម្រើន។
ឯកឧត្តម បន្តថា ចំពោះការធ្វើអាជីវកម្ម, ក្នុងនោះមិនថាការធ្វើអាជីវកម្មរ៉ែប្រភេទណានោះទេ គឺត្រូវមានការអនុញ្ញាត្តិពីក្រសួង បរិស្ថាន ដែលជាក្រសួងជំនាញ ដែលមើលការខុសត្រូវលើផលប៉ះពាល់បរិស្ថានតាមច្បាប់ និងក្រមនៃការអនុត្តស្តីពីបរិស្ថាន ក្នុងនោះ បន្ទាប់ពីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនដែលអនុវត្ត ត្រូវមានការឯកភាពពីបរិស្ថានបន្ថែម ទើបឈាន ដល់ការធ្វើអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ជាក់ស្តែងជុំវិញការធ្វើអាជីវកម្មថ្មអារ គិតមកដល់ពេលនេះក្រសួងរ៉ែ និងថាមពល បានផ្តល់ អាជ្ញាប័ណ្ណមានចំនួនជាង ៦០ ក្រុមហ៊ុន និងមានក្រុមហ៊ុនដែលកំពុងប្រតិបត្តិកាអាជីវកម្មចំនួនជាង ៤០ ក្រុមហ៊ុន/សហគ្រាស ដែល បាននិងកំពុងធ្វើអាជីវកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ក្នុងនោះបើគិតនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិស័យនេះ បានផ្តល់ចំណូលជាសួយសារអាករ និងពន្ធនាំចេញ (ដោយមិនគិតចំណូលពន្ធដារ) មានទឹកប្រាក់សរុបជិត ៤០ លានដុល្លារអាម៉េរិក។
ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ជុំវិញវិស័យថ្មអារនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងនោះក្រៅពីការនាំចេញ វិស័យនេះអាចបំពេញតម្រូវ ការស្រុកបានជាច្រើន រាប់ទាំងកម្ទេចថ្មជាដើម ជាក់ស្តែងនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានចេញសារាចរណ៍លើកទឹកចិត្ត ដល់ ថ្នាក់ក្រោមជាតិ ដែលវិនិយោគគម្រោងសាធារណៈ គឺត្រូវខិតខំប្រើប្រាស់កម្ទេចថ្មឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍នៃសេដ្ឋកិច្ច។ ឯកឧត្តម បន្ថែមថា ទាក់ទងវិស័យនេះដែរ ចំពោះមហិច្ឆិតារបស់រាជរដ្ឋាភិបាល គឺចង់ឃើញប្រជាពលរដ្ឋមានការងារធ្វើក្នុងវិស័យនេះ មានកាន់តែច្រើន តាមរយៈការបង្កើតការងារនៅនឹងកន្លែង និងការប្រមូលចំណូលចូលថវិកាជាតិ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេស ជាដើម៕



