ជនរងគ្រោះជនជាតិចិន ប្ដឹងនគរបាលក្រុងបាវិតឱ្យឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២ គ្រឿង បានសម្រេច
ខេត្តស្វាយរៀង៖ បុរសជាជនរងគ្រោះជនជាតិចិនបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលក្រុងបាវិតនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២គ្រឿងបានសម្រេច។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ ង្វៀង ត្រឿងណាម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅទីក្រុងហូជីមិញ (អ្នកធ្វើសកម្មភាពឆក់) ។
ទី២ឈ្មោះ លឿង ទឹងអាញ់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកតឹងហុង ខេត្តដុងថាប ប្រទេសវៀតណាម (បក្ខពួក) និងទី៣-ឈ្មោះលឿង ហ្វាកសាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកឡុងសៀង ខេត្តអាងយ៉ាង (បក្ខពួក) ។
ចំណែកជនរងគ្រោះមានឈ្មោះ ឈិន វៃជា (CHEN WEIJIE) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន មុខរបរមេការសំណង់ មានទីលំនៅខេត្តហ្គងតុង ប្រទេសចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្តឹង០១ច្បាប់ពីជនរងគ្រោះឈ្មោះ ឈិន វៃជា (CHEN WEIJIE) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន មុខរបរមេការសំណង់ មានទីលំនៅខេត្តហ្គងតុង ប្រទេសចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ ភេទប្រុស) ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២គ្រឿង(ម៉ាក IPHONE 17 ពណ៌ទឹកក្រូច និង IPHONE 16 ពណ៌ខ្មៅ) កាលពីវេលាម៉ោង១០:៣០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្សារត្រី១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីទទួលបានបណ្តឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ។
យោងការពិនិត្យតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាជនសង្ស័យនិងបក្ខពួក រហូតដល់វេលាម៉ោង១៧:៣០នាទីនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យទាំងបីនាក់នៅជាមួយគ្នារួមនឹងម៉ូតូ(ធ្វើសកម្មភាព) នៅត្រង់ចំណុចខាងក្រោយផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក៏បានឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ង្វៀង ត្រឿងណាម បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន០២ គ្រឿងពីជនរងគ្រោះប្រាកដមែន ហើយខ្លួនបានយកទៅទុកនៅបន្ទប់ជួលម្តុំកាស៊ីណូសៀងហៃ ( ស្រុកចន្ទ្រា) ខេត្តស្វាយរៀង ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចយើងបានសុំគោលការណ៍ពីលោកអធិការដើម្បីគម្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំរោង ដើម្បីស្វែងរកវត្ថុតាង(ទូរស័ព្ទ) ។
សម្ភារៈដែលសមត្ថកិច្ចយើងដកហូតរួមមាន : ទូរស័ព្ទ I Phone 17 ពណ៌ទឹកក្រូចចំនួន០១គ្រឿង ទូរស័ព្ទ I Phone 16 ពណ៌ខ្មៅ ចំនួន០១គ្រឿង។
ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង (មធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទ) សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជួនទៅជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតចាត់ការបន្តតាមច្បាប់៕



