មេដឹកនាំកំពូល អ៊ីរ៉ង់ ព្រមានបាញ់ពន្លិចនាវាចម្បាំងខ្នាតយក្សរបស់ អាមេរិក

តេហេរ៉ង់ ៖ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារបានព្រមានបាញ់ពន្លិចនាវាចម្បាំងខ្នាតយក្សរបស់សហរដ្ឋអាមេរិកដែលកំពុងដាក់ពង្រាយនៅឈូងសមុទ្រពែរ្ស ។

ការព្រមានរបស់លោក Khamenei ធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយ នាវាចម្បាំងខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk នៅតំបន់មជ្ឈិមបូព៌ាកាលពីចុងខែមុន ។

លោក Khamenei និយាយថា លោកទទួលស្គាល់ នាវាចម្បាំងរបស់អាមេរិក ពិតជាអាវុធដ៏គ្រោះថ្នាក់ ប៉ុន្តែលោកសូមព្រមានថា អ៊ីរ៉ង់ក៏មានអាវុធសាហាវៗដែលអាចបាញ់ពន្លិច នាវារបស់ទីក្រុងវ៉ាស៊ីនតោន ប្រភេទនេះបានផងដែរ ។

បើតាម RT, លោក Khamenei ថែមទាំងបានស្តីបន្ទោស ការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ផ្លាស់ប្តូររបប នៅទីក្រុងតេហេរ៉ង់ផងដែរ ។ មេដឹកនាំកំពូលអ៊ីរ៉ង់ រូបនេះ បញ្ជាក់ថា ផែនការនេះ មិនទទួលជោគជ័យនោះទេ ព្រោះថា អាមេរិកបានបរាជ័យ មិនអាចផ្តួលសាធារណរដ្ឋឥស្លាមមួយនេះ រយៈពេល ៤៧ ឆ្នាំមកហើយ ។

បើទោះជាមានភាពតានតឹងជាមួយគ្នាក៏ពិតមែន ប៉ុន្តែថ្មីៗនេះភាគីទាំងពីរ បានចូលរួម ក្នុងកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅប្រទេសអូម៉ង់ ខណៈអ៊ីរ៉ង់បានហៅទំនាក់ទំនងនេះ ថា ជា ការចាប់ផ្តើមដ៏ល្អ ។

មន្ត្រីកំពូលរបស់ទីក្រុងតេហេរ៉ង់ បានផ្តល់សញ្ញា ម្តងហើយម្តងទៀត ថា ប្រទេសនេះ ចាប់អារម្មណ៍ក្នុងការសម្រេច កិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ដោយយុត្តិធម៌ និងសមធម៌ ប៉ុន្តែមិនមែនជាការលុបចោលកម្មវិធីនុយក្លេអ៊ែរទាំងស្រុងនោះទេ ។

យ៉ាងណា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទូចហើយថា អ៊ីរ៉ង់ ត្រូវតែលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទាំងស្រុង បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ៕

ប្រភពពី RT

You might also like