សម្តេចមហាបវរធិបតី៖ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គឺជាវឌ្ឍនភាពថ្មីមួយទៀតនៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គឺជាវឌ្ឍនភាពថ្មីមួយទៀតនៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ហើយក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមវាយតម្លៃខ្ពស់ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនដែលដៃគូជាដៃគូអភិវឌ្ឍ និងសមាគមធុរកិច្ចទាំងអស់ដែលបានចូលរួមផ្ដល់ធាតុចូល និងសហការរៀបចំយុទ្ធសាស្ត្រជាតិនេះឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រាកដនិយម និងអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ជាការពិត សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬហៅកាត់ថា MSMEs គឺជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចដែលយើងអាចចាត់ទុកបានថាជា MSMEs សរុបជាង ៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣លាននាក់ ក្នុងនោះស្រ្ដីប្រមាណ ១,៨លាននាក់ ដែលលទ្ធផលជំរឿននេះបានបង្ហាញថា MSMEs បានចូលរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម MSMEs មិនមែនទើបចាប់ផ្ដើមនៅពេលនេះនោះទេ រាជរដ្ឋាភិបាលអណត្តិមុនៗ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្តិភាព ស្ថេរភាព ហេដ្ឋារចនាសម្ព័ន្ធក្របខណ្ឌច្បាប់ និងបរិយាកាសធុរកិច្ចដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើន និងតភ្ជាប់កាន់តែជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល។
ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់អាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងនោះនៅក្នុងបញ្ចកោណទី៣ ដែលផ្ដោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ បានចាត់ទុកការលើកកម្ពស់បរិយាកាសធុរកិច្ច ការជំរុញការវិនិយោគ និងការពង្រឹងសមត្ថភាព MSMEs ជាអាទិភាពស្នូលមួយ គោលដៅគឺធ្វើយ៉ាងណាឱ្យសហគ្រាសក្នុងស្រុកមានផលិតភាពខ្ពស់ជាងមុន ប្រើប្រាស់បច្ចេកវិទ្យាប្រសើរជាងមុន ផលិតបានតាមស្តង់ដារ មានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំនាញបច្ចេកទេស និងអាចឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ខាងមុខ។
នៅក្នុងទិសដៅនេះ កាលពីដើមអណត្តិ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូតូចនៅក្រៅប្រព័ន្ធអាចទទួលបានការគាំទ្រកាន់តែទូលំទូលាយស្របតាមគោលការណ៍មិនទុកនរណាម្នាក់ចោល ហើយថា យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មីហៅថា Startup ឆ្នាំ២០២៦-២០៣០ ក៏ទើបតែបានត្រូវដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនវានុវត្តន៍ ការច្នៃប្រឌិតក្នុងការបង្កើតគំរូអាជីវកម្មថ្មីផ្អែកលើបច្ចេកវិទ្យា សំដៅផ្ដល់ឱកាសដល់យុវជនកម្ពុជាកាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រឹធភាព។
ដោយឡែក យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដែលយើងប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានាឱ្យកាន់តែប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការពិប្រាកដរបស់សហគ្រាស។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ដើម្បីជំរុញការអភិវឌ្ឍ MSMEs ដូចជា ជំរុញការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីតេជោមូលនិធិអភិវឌ្ឍសហគ្រិនភាព និងសហគ្រិនខ្មែរ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូហ្ស៊ីស្ដីសហគ្រិនភាពនៅកម្ពុជា ហើយចំពោះការគាំទ្រដល់ការអភិវឌ្ឍជំនាញ ជាពិសេសតាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ គឺបានចំណាយថវិកាគាំទ្រដល់ MSMEs សរុប ១៥,២៧លានដុល្លារអាម៉េរិកសម្រាប់គម្រោងបណ្ដុះបណ្ដាលសិក្ខាកាមចំនួន ៧៦.០០០នាក់ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦៕






