សារព័ត៌មានតួកគីយ៉េ៖ កងកម្លាំងយោធាអាមេរិកចំណាយ ថវិកាប្រហែល៧៧៩លានដុល្លារ ឬស្មើនឹង០.១ភាគរយនៃកញ្ចប់ថវិកាការពារជាតិទាំងមូលសម្រាប់ឆ្នាំ២០២៦ អំឡុងរយៈពេល២៤ម៉ោងដំបូង នៃការបើកប្រតិបត្តិការវាយប្រហារអ៉ីរ៉ង់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានតួកគីយ៉េ Anadolu នាថ្ងៃចន្ទ ទី២ ខែមីនា បានរាយការណ៍ថា កងកម្លាំងយោធាអាមេរិក បានចំណាយ ថវិកាប្រហែល៧៧៩លានដុល្លារ ឬស្មើនឹង០.១ភាគរយនៃកញ្ចប់ថវិកាការពារជាតិទាំងមូលសម្រាប់ឆ្នាំ២០២៦ របស់សហរដ្ឋអាមេរិក អំឡុងរយៈពេល២៤ម៉ោងដំបូង នៃការបើកប្រតិបត្តិការវាយប្រហារប្រទេសអ៉ីរ៉ង់។

ទីបញ្ជាការ CENTCOM របស់យោធាអាមេរិក ដែលកំពុងដឹកនាំប្រតិបត្តិការប្រឆាំងអ៉ីរ៉ង់ បានបញ្ជាក់ពីការប្រើប្រាស់សព្វាវុធចម្រុះ ជាច្រើន ហើយទីភ្នាក់ងារព័ត៌មាន Anadolu បានធ្វើការវាយតម្លៃរបស់ខ្លួនអំពីការចំណាយរបស់យោធាអាមេរិក ដោយផ្អែកលើថ្លៃសម្រាប់ធ្វើប្រតិបត្តិការសព្វាវុធទាំងនោះ។

ការធ្វើប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 យ៉ាងហោច៤គ្រឿង ដែលហោះចេញពីមូលដ្ឋាននៅរដ្ឋ Missouri និងដែល មានសមត្ថភាពផ្ទុកគ្រាប់បែកជិត២០០០គីឡូក្រាម អាចចំណាយថវិកាខ្ទង់៣០.២លានដុល្លារ។ ក្រៅពីនេះយោធាអាមេរិក ក៏បានប្រាស់យន្តហោះយោធាជាច្រើនផ្សេងទៀត រួមមានទាំងយន្តហោះចម្បាំង F-18, F-16, F-22, F-35, EA-18G, A-10C យន្តហោះឈ្លបការណ៍ RC-135 យន្តហោះល្បាត P-8 យន្តហោះចាក់សាំងលើអាកាស យន្តហោះដ្រូន MQ-9 និងប្រព័ន្ធបាញ់មីស៉ីលពីដីគោក HIMARS ដែលបូករួមបញ្ចូលគ្នា ត្រូវចំណាយប្រហែល៤២៣.៥៧លានដុល្លារ។

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក២ក្រុម គឺ USS Abraham Lincoln និង USS Gerald R. Ford ក៏បានចូលរួមការវាយប្រហារនោះដែរ ដោយថ្លៃចំណាយធ្វើប្រតិបត្តិការនាវាទាំង២នេះ រួមជាមួយក្រុមនាវាយោធាដទៃទៀតដែលអមពួកវា គឺប្រហែល១៥លានដុល្លារក្នុងមួយថ្ងៃ។ លើសពីនេះ មីស៉ីលគ្រូស Tomahawk ប្រមាណ២០០គ្រាប់ ត្រូវបានបាញ់ដោយកងនាវាអាមេរិក ដែលគិតជាប្រាក់ស្មើនឹង៣៤០.៤លានដុល្លារ។

គួរបញ្ជាក់ថា សរុបបញ្ចូលគ្នានៃការចំណាយទាំងអស់ខាងលើ គឺការវាយប្រហាររបស់យោធាអាមេរិកលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន តែមួយថ្ងៃប៉ុណ្ណោះ បានប្រើលុយចំនួន ៧៧៩.១៧ដុល្លារ ឬស្មើនឹង០.១ភាគរយនៃកញ្ចប់ថវិកាការពារជាតិទាំងមូលរបស់អាមេរិក សម្រាប់ឆ្នាំ២០២៦ ខណៈសង្រ្គាមជាមួយអ៉ីរ៉ង់នាពេលនេះ បានបន្តឈានចូលថ្ងៃទី៤៕

You might also like