បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយឃាត់ខ្លួន៨នាក់
(ស្វាយរៀង)៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រី១នាក់) ជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ក្រោយទទួលបានបទបញ្ជាក់ និងព័ត៌មាននៃបទល្មើសមួយនេះ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងលោកវរសេនីយ៍ទោ ជិន សុភឿន ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបនៅផ្ទះសំណាក់ វ៉ាំងភូ (HQ) ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) ជាជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ១៧គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង។ ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






