សភាថៃបោះឆ្នោតជ្រើសតាំងលោក Anutin ជានាយករដ្ឋមន្រ្តី
(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា រដ្ឋសភានៃប្រទេសថៃ ទីបំផុតបានបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul ជានាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោតសកល កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Anutin ទទួលបានសំឡេងគាំទ្រលើស២៥០សំឡេង ដែលចាំបាច់ដើម្បីជាប់ជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតនៅសភា។ គណបក្សភូមិចៃថៃរបស់លោក បានឈ្នះអាសនៈចំនួន១៩១ ក្នុងចំណោមអាសនៈទាំង៥០០នៅក្នុងសភា។ ក្រោយការបោះឆ្នោតសកល បក្សរបស់លោក បានបង្កើតក្រុមចម្រុះជាមួយគណបក្សនយោបាយសរុបចំនួន១៦ ក្នុងនោះរួមមានទាំងបក្សភឿថៃ ដែលឈ្នះបានអាសនៈច្រើនលំដាប់ទី៣ នាំឱ្យក្រុមចម្រុះរបស់លោកគ្រប់គ្រងអាសនៈសរុបទាំងអស់២៩២។
គួរបញ្ជាក់ថា លោក Anutin ដំបូងបានក្លាយជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រោយរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃដួលរលំ។ នៅខែធ្នូ ឆ្នាំដដែល លោកបានប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕






