គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមគ្របដណ្តប់ពលរដ្ឋគោលដៅសរុបជិត ៥ លាននាក់ ខណៈរាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋ ប្រមាណ ២៥៧ លានដុល្លារ

ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ — គិតត្រឹមដំណាច់ឆ្នាំ២០២៥ កន្លងទៅនេះ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ (ឬស្មើនឹងប្រមាណ ២៨ % នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជន៍ថវិការដ្ឋចំនួនប្រមាណ ១ ០២៧,៦ ប៊ីលានរៀល ឬស្មើនឹង ២៥៧ លានដុល្លារអាម៉េរិក។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភំពេញ។

ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១៧ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ លើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់បន្ថែមទៀត។ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង ២ ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣ លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩ លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាន និងកំពុងគ្របដណ្តប់ពលរដ្ឋ សរុបប្រមាណ ៣,៩ លាននាក់។

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបានឱ្យដឹងទៀតថា កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ ដើម្បីអនុវត្តន៍កម្មវិធីមួយចំនួន រួមមាន៖ ១. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលក្រសោបនូវកម្មវិធីជាតិជំនួយសង្គមចំនួន ៤ រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង), ២. កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ៣. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ៤.  កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯក តេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប, ៥.  មូលនិធិសមធម៌សុខាភិបាល, និង ៦.  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម, គិតត្រឹមឆ្នាំ២០២៥ របបសន្តិសុខសង្គមបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,៥ លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជន៍ថវិកាជាតិប្រមាណ ១ ៧០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥ លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ ធំៗ រួមមាន៖ ១.  របបសន្តិសុខសង្គមផ្នែកប្រាក់សោធន, ២. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, និង ៣.  របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។

សូមបញ្ជាក់ផងដែរថា ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាព នៃការផ្តល់អត្ថប្រយោជន៍គាំពារសង្គម, ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានកិច្ចសហការយ៉ាងពេញលេញរបស់អង្គភាពប្រឆាំងអំពើពុករលួយ រៀបចំសិក្ខាសាលាថ្នាក់ជាតិនេះឡើង ក្នុងគោលបំណង ចំនួន ៣ រួមមាន៖ ១.  ដើម្បីផ្សព្វផ្សាយអំពីយន្តការ និងគោលការណ៍ពាក់ព័ន្ធ នឹងគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គម, ២. ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដែលបានដាក់ចេញជាបន្តបន្ទាប់ នាពេលកន្លងមក ផ្តោតសំខាន់លើក្រមសីលធម៌ និងការបញ្ច្រាបចំណេះដឹង ដើម្បីចៀសវាងនូវការប្រព្រឹត្តអំពើទាំងឡាយណា ដែលអាចត្រូវបានចាត់ទុកជាអំពើពុករលួយ, និង ៣.  ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជន និងគណនេយ្យភាពក្នុងការផ្តល់អត្ថប្រយោជន៍គាំពារសង្គម ជាពិសេសតាមរយៈបរិវត្តកម្មឌីជីថល៕

You might also like