សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការងារ ជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយតំណាងភាគីនិយោជក និងតំណាងសហជីព ដើម្បីពិនិត្យ និងស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។
ការណែនាំរបស់សម្តេចធិបតីនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។
ក្នុងសារបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់សម្តេច សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ «ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ (និយោជក និងសហជីព) នឹងអាចស្វែងរក «ចំណុចប្រសព្វដ៏សមរម្យមួយ» ដែលអាចធានាបាននូវការជួយសម្រាលបន្ទុកជូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជាផងដែរ។
ការសម្រេចចិត្តនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិតដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕






