ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Korea Eximbank) ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្រេចបានរហូតដល់ ៩៦,១៨%។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រតិភូធនាគារ Korea Eximbank ប្រចាំកម្ពុជា ដឹកនាំដោយ លោក Koo Bonhyun នាយកប្រតិបត្តិ និង លោកស្រី Jeong Seulki នាយិកានាយិការង ព្រមទាំងសហការី អមដោយក្រុមមន្ត្រីបច្ចេកទេសក្រសួង ប្រធានមន្ទីរ ទីប្រឹក្សាបច្ចេកទេសកូរ៉េ និងតំណាងក្រុមហ៊ុន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំពិភាក្សាលើវិធានការដោះស្រាយចំពោះផលប៉ះពាល់ពីវិបត្តិប្រេងឥន្ធនៈសកល និងបានជំរុញឱ្យដោះស្រាយនូវរាល់ភាពរអាក់រអួលក្នុងលំហូរឯកសាររដ្ឋបាល ដើម្បីធានាឱ្យការសាងសង់បញ្ចប់សព្វគ្រប់តាមកិច្ចសន្យា។ ទន្ទឹមនឹងនេះ ភាគីកូរ៉េក៏បានស្នើឱ្យក្រសួងរៀបចំផែនការថវិកាប្រតិបត្តិការ និងការថែទាំ (O&M) ដើម្បីធានាបាននូវចីរភាព និងប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្រ បន្ទាប់ពីគម្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។
នាថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដឹកនាំប្រតិភូធនាគារ Korea Eximbank ចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋាននៃគម្រោង (IDFMP) ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ បន្តអនុវត្តការងារឱ្យបានហ្មត់ចត់បំផុត ស្របតាមបទដ្ឋានបច្ចេកទេស និងតាមសេចក្តីណែនាំបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម៕






