លោក Trump ប្រាប់អ៊ីស្រាអែល កុំឱ្យបន្តការវាយប្រហារវិស័យថាមពលអ៊ីរ៉ង់ ខណៈវិបត្តិ កាន់តែជ្រៅឡើង

កាលពីថ្ងៃព្រហស្បតិ៍ (១៩ មីនា) លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងការិយាល័យប្រធានាធិបតី Oval Office ថា លោកបានប្រាប់អ៊ីស្រាអែល ថាកុំបន្តការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិរបស់អ៊ីរ៉ង់តទៅទៀត ខណៈការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើរោងចក្រថាមពល បានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងរុញឱ្យសង្រ្គាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាន់តែមានសភាពក្តៅគគុក។
ក្រោយមកនៅថ្ងៃព្រហស្បតិ៍ដដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើវាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ ដោយខ្លួនឯងប៉ុណ្ណោះ ហើយបញ្ជាក់ថា លោក Trump ពិតជាបានស្នើឱ្យអ៊ីស្រាអែល ផ្អាកការវាយប្រហារបែបនេះមែន។
ជម្លោះដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ាបានសម្លាប់មនុស្សរាប់ពាន់នាក់ រីករាលដាលដល់ប្រទេសជិតខាង និងបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ មិនសម្រេចបានកិច្ចព្រមព្រៀង។
ការលើកឡើងរបស់លោក Trump កើតឡើងក្នុងពេលតម្លៃថាមពលបន្តហក់ឡើងយ៉ាងគំហុកក្នុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់ បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើវាលឧស្ម័នដ៏ធំរបស់ខ្លួន ដោយវាយប្រហារលើទីក្រុងឧស្សាហកម្ម Ras Laffan របស់ប្រទេសកាតា ជាកន្លែងកែច្នៃប្រហែលមួយភាគប្រាំនៃឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីជួសជុល។ កំពង់ផែសំខាន់របស់អារ៉ាប៊ីសាអ៊ូឌីតលើសមុទ្រក្រហម ជាទីដែលខ្លួនអាចបង្វែរការនាំចេញមួយចំនួនដើម្បីគេចពីវិបត្តិបិទច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ ក៏បានរងការវាយប្រហារផងដែរ៕

You might also like