ព្រះមហាក្សត្រថៃ អនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោក Anutin

បាងកក៖ បើតាមព្រឹត្តិប័ត្រ Royal Gazette របស់ព្រះបរមរាជវាំងថៃនៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ឱ្យដឹងថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul។
ការអនុម័តជាផ្លូវការនេះនឹងបើកផ្លូវឱ្យគណៈរដ្ឋមន្ត្រីថ្មីរបស់លោក Anutin ស្បថសច្ចាប្រណិធានទៅកាន់ព្រះមហាក្សត្រថៃ មុននឹងធ្វើសេចក្ដីថ្លែងការណ៍អំពីគោលនយោបាយរបស់ខ្លួនទៅកាន់ សភាជាតិ ហើយបន្ទាប់ពីនោះទើបក្រុមរដ្ឋមន្ត្រីថៃអាចចូលកាន់តំណែងរបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា រដ្ឋសភានៃប្រទេសថៃបានបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul ជានាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោតសកលកាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Anutin ទទួលបានសំឡេងគាំទ្រលើស ២៥០សំឡេង ដែលចាំបាច់ដើម្បីជាប់ជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតនៅសភា។ គណបក្សភូមិចៃថៃរបស់លោក បានឈ្នះអាសនៈចំនួន ១៩១ ក្នុងចំណោមអាសនៈទាំង៥០០នៅក្នុងសភា។
ក្រោយការបោះឆ្នោតសកល បក្សរបស់លោក បានបង្កើតក្រុមចម្រុះជាមួយគណបក្សនយោបាយសរុបចំនួន១៦ ក្នុងនោះរួមមានទាំង បក្សភឿថៃ ដែលឈ្នះបាន អាសនៈច្រើនលំដាប់ទី៣ នាំឱ្យក្រុមចម្រុះរបស់លោកគ្រប់គ្រងអាសនៈសរុបទាំងអស់២៩២៕

You might also like