អភិបាលខេត្តឧត្ដរមានជ័យ ត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងផ្សារលក់បន្លែដែលគ្រោងនិងសាងសង់ថ្មី ក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញសកម្មភាពពាណិជ្ជកម្មកសិកម្មក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំ ទីតាំងផ្សារលក់បន្លែដែលគ្រោងនិងសាងសង់ថ្មី ក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញសកម្មភាពពាណិជ្ជកម្មកសិកម្មក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា គោលបំណងសំខាន់នៃការចុះពិនិត្យនេះគឺដើម្បីកាត់បន្ថយការលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពក្រុង។
ឯកឧត្ដមអភិបាលខេត្តឧត្ដរមានជ័យ បញ្ជាក់ថា ការបង្កើតផ្សារថ្មីនេះ មិនមែនជាការរឹតត្បិតសេរីភាពនៃការលក់ដូរនោះទេ ប៉ុន្តែគឺជាការរៀបចំ “ផ្ទះរួម” មួយដ៏មានរបៀបរៀបរយ ដើម្បីឱ្យការរកស៊ីរបស់បងប្អូនកាន់តែមានភាពងាយស្រួល ទទួលបានចំណូលខ្ពស់ និងមានសុវត្ថិភាពផងដែរ៕

You might also like