សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ និងផ្តន្ទាទោសបន្ថែមលើ លោក កឹម សុខា ដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេស រយៈពេល៥ឆ្នាំ
(ភ្នំពេញ)៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចំពោះសំណុំរឿងរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ទុកជាបានការ ព្រមទាំងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេស រយៈពេល៥ឆ្នាំ។
តាមសាលដីការបស់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន តុលាការបានវិនិច្ឆ័យដូចតទៅ៖
* ទទួលសេចក្តីចម្លងបណ្ដឹងឧទ្ធរណ៍លេខ៣៤៥ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់លោក ច្រឹង ខ្មៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទុកជាត្រឹមត្រូវតាមទម្រង់និងគតិច្បាប់។
* ទទួលសេចក្តីចម្លងបណ្ដឹងឧទ្ធរណ៏លេខ៣៤៦ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣របស់ជនជាប់ចោទឈ្មោះ កឹម សុខា ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់តែបដិសេធចោលដោយទាស់នឹងគតិច្បាប់។
* តម្កល់សាលក្រមព្រហ្មទណ្ឌលេខ១៨២ម”ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការទាំងមូល និងផ្តន្ទាទោសបន្ថែមនូវទោសបន្ថែមលើជនជាប់ចោទឈ្មោះ កឹម សុខា ដោយហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំតាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។
* សាលដីកានេះ ជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ចំពោះមុខជនជាប់ចោទឈ្មោះ កឹម សុខា ចំពោះមុខមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី និងប្រកាសជាសាធារណៈនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។ ទោះជាយ៉ាងនេះក្តី ចៅក្រមបានសម្រេចដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយអនុញ្ញាតឲ្យលោកនៅក្នុងផ្ទះ ជាមួយនឹងការដកហូតសិទ្ធិមួយចំនួន៕






