កម្មករនិយោជិតចម្រុះវិស័យចំនួនជាង ១ពាន់នាក់ ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ

កម្មករនិយោជិត និងអ្នកប្រកបរបរសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធមកពីចម្រុះវិស័យចំនួនសរុបជាង ១ពាន់នាក់ បានចូលរួមប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមស្តីពី គោលនយោបាយឆ្លើយតបគាំពារសង្គមសិទ្ធិការងារ និងវិបត្តិសកល។
កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១ ខែឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងអង្គការអន្តរជាតិការងារ (ILO) និងសមាជិក សាមាជិការនៃសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិលជាដៃគូ។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធីថ្ងៃនេះ មិនមែនត្រឹមជាថ្ងៃរំលឹកប្រវត្តិសាស្រ្តតស៊ូរបស់កម្មករពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសបញ្ជាក់ថា សិទ្ធិការងារ ការងារប្រកបដោយសេចក្តីថ្លៃថ្នូរ គាំពារសង្គម និងយុត្តិធម៌សង្គម គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច ថាមពល ប្រេងឥន្ធនៈ អតិផរណា បម្រែប្រមួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល ប្រធានបទឆ្នាំ គឺសមស្រប និងទាន់ពេលវេលាបំផុត។
នៅក្នុងពិធីបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីការងារ ហេង សួរ បានមានប្រសាសន៍ថា វេទិកានេះ គឺជាលំរួមសម្រាប់រាជរដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយរួម ពាក់ព័ន្ធនឹងសិទ្ធការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាពការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល។
សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំខាងលើនេះ ភាគីសហភាពការងារកម្ពុជា, សហភាពចលនាកម្មករកម្ពុជា, សម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បានលើកឡើងដោយស្នើសុំកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធពីគ្រប់ភាគពាក់ព័ន្ធ រួមមាន និយោជក កម្មករ និយោជិត អាជ្ញាពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជំរុញកំណែទម្រង់ការងារ កិច្ចសន្ទនាសង្គម និងការពង្រឹងសិទ្ធិការងារ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គមឱ្យគ្របដណ្តប់កម្មករទាំងអស់ រួមទាំងកម្មករក្រៅប្រព័ន្ធ កសិករ ស្រ្តី និងយុវជន និងការជំរុញប្រាក់ឈ្នួលសមរម្យ និងការងារប្រកបដោយសេចក្តីថ្លៃថ្នូរឱ្យឆ្លើយតបទៅនឹងថ្លៃជីវភាព និងអតិផរណា និងពង្រឹងសុវត្ថិភាពសហជីព និងកិច្ចសន្ទនាសង្គម ជាយន្តការសំខាន់សម្រាប់ដោះស្រាយវិវាទ និងបង្កើតដំណោះស្រាយដោយសន្តិវិធី។ល៕

You might also like