ផ្អើលពេញក្រុងបាងកក! ព្រឹកមិញ គ្រោះរញ្ជួយដី ៥.៣ រ៉ិចទ័រនៅមីយ៉ាន់ម៉ា ធ្វើឱ្យអគារខ្ពស់ៗនៅថៃញ័ររង្គើ មនុស្សផ្អើលរត់ចេញក្រៅរកអាយ៉ូស
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០៥ នាទី កន្លងទៅ មានគ្រោះរញ្ជួយដីកម្លាំង ៥.៣ រ៉ិចទ័រ បានវាយប្រហារនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ាក្នុងជម្រៅដី ១០ គីឡូម៉ែត្រ។
តាមព័ត៌មានបានឱ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅចម្ងាយប្រហែល ២៤៧ គីឡូម៉ែត្រ ពីទិសខាងលិចឈៀងខាងត្បូងនៃស្រុកម៉ែសត ខេត្តតាក នៃប្រទេសថៃ។
យ៉ាងណាមិញ ទោះបីជាចំណុចកណ្តាលនៅឆ្ងាយ ប៉ុន្តែប្រជាជនថៃ ដែលរស់នៅ និងធ្វើការនៅតាមអគារខ្ពស់ៗក្នុងទីក្រុងបាងកកជាច្រើនតំបន់ រួមមាន ដនមឿង ផាយ៉ាថៃ បាងរ៉ាក់ និងសុខុមវិត បានរាយការណ៍ថា ពួកគេទទួលបានអារម្មណ៍ញ័ររង្គើយ៉ាងច្បាស់។
ក្នុងនោះដែរ អគារការិយាល័យបង្ក្រាបការលាងលុយកខ្វក់ (AMLO) បានរងការរង្គើយ៉ាងខ្លាំង រហូតធ្វើឱ្យអំពូលភ្លើងយោលចុះឡើង ដែលបង្ខំឱ្យមន្ត្រីទាំងអស់ត្រូវជម្លៀសខ្លួនចេញពីអគារជាបន្ទាន់ដើម្បីសុវត្ថិភាព។
ក្រៅពីទីក្រុងបាងកក ក៏មានសេចក្តីរាយការណ៍ពីតំបន់ផ្សេងទៀតដូចជា ខេត្តឈៀងម៉ៃ និងខេត្តសាមុតប្រាកាន ថាបានទទួលដឹងពីការញ័ររង្គើនេះ ជាពិសេសអ្នកដែលស្នាក់នៅអគារខុនដូជាន់ខ្ពស់ៗ។
ដោយឡែក មូលហេតុដែលទីក្រុងបាងកកទទួលរងឥទ្ធិពលខ្លាំងបែបនេះ គឺដោយសារតែលក្ខណៈភូមិសាស្ត្រដីឥដ្ឋទន់ ដែលមានសមត្ថភាពជួយពង្រីកកម្លាំងរំញ័រឱ្យកាន់តែខ្លាំង បើទោះបីជាប្រភពរញ្ជួយដីនៅឆ្ងាយក៏ដោយ។
យ៉ាងណាមិញ មកទល់ពេលនេះ អាជ្ញាធរថៃកំពុងបន្តតាមដានស្ថានភាពយ៉ាងដិតដល់ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធអគារណាមួយនៅក្នុងប្រទេសនៅឡើយទេ៕






