ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ និងប្រកាសបើកដំណាក់កាលទី៣

(បាត់ដំបង)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ «មរតកតេជោ» នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រតិភូអគ្គនាយកស៊ីម៉ាក់ (CMAC) លោក សុខ លូ អភិបាលខេត្តបាត់ដំបង សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការអន្តរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តី-បុគ្គលិក CMAC លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២,០៤២រូប។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុនចំពោះជំនួយដ៏ថ្លៃថ្លានេះ សម្រាប់គាំទ្រគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានថវិកាចំនួន ២,០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារ អាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន និងគម្រោងថ្មីដំណាក់កាលទី៣ ដែលមានថវិកាចំនួន ១,៧០០លានយ៉េន ប្រមាណជាង ១១លានដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង៕

You might also like