ជិត៣ខែហើយ! ភរិយាជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំព្រឹក អំពាវនាវសុំពន្លឺយុត្តិធម៌ ខណៈសមត្ថកិច្ចកំពុងត្រូវបានស្នើឱ្យពន្លឿនការស្រាវជ្រាវ
បាត់ដំបង៖ គិតមកទល់ពេលនេះ មានរយៈពេលជិត ២ ខែហើយ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីយប់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅចំណុចខាងលិចភ្នំប្រុស ក្នុងស្រុកភ្នំព្រឹក បណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូ (ម៉ាក Honda Wave ពណ៌ស) រងរបួសធ្ងន់ និងបានទទួលមរណភាពនៅមន្ទីរពេទ្យ។ យោងតាមប្រភពពីកន្លែងកើតហេតុ គ្រោះថ្នាក់នេះបង្កឡើងដោយ (ត្រាក់ទ័រ) មួយគ្រឿង ដែលបានបើកបុក រួចគេចខ្លួនបាត់ស្រមោល។
ថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ «ស្រីទាវ» ដែលត្រូវជាភរិយារបស់សព បានបង្ហោះសារអំពាវនាវទាំងទឹកភ្នែកថា៖
«គ្រួសាររបស់ខ្ញុំគ្រោះថ្នាក់ស្លាប់រយៈពេលជិត ២ ខែហើយ… ខាងយើងខ្ញុំពុំទាន់បានដឹងពីព័ត៌មាន ឬតម្រុយអ្វីសោះ។ ឥឡូវមានតែសុំពឹងពាក់លើបងប្អូនដែលរស់នៅក្នុងស្រុកភ្នំព្រឹកទាំងអស់ និងអ្នកដែលនៅក្នុងហេតុការណ៍ ជួយមើលមនុស្សក្នុងរូបភាពនេះ បើមានស្គាល់ភិនភាគ ឬដឹងព័ត៌មានអ្វី សូមជួយប្រាប់ជាដំណឹងដល់ខ្ញុំផង។ នាងខ្ញុំគ្រាន់តែចង់រកយុត្តិធម៌ជូនគាត់ កុំឱ្យគាត់ទៅទាំងមិនអស់ចិត្ត…»។
ជុំវិញករណីដ៏ក្រៀមក្រំនេះ ក្នុងនាមជាអ្នកសារព័ត៌មាន និងជាសំឡេងតំណាងឱ្យក្រុមគ្រួសាររងគ្រោះ៖
គោរពជូន៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនច័ន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេត្តាពិនិត្យ និងផ្តល់ការដឹកនាំ។
គោរពស្នើសុំ ៖ មន្ត្រីនគរបាលផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក មេត្តាពន្លឿនចំណាត់ការស្រាវជ្រាវ ស្វែងរកវត្ថុតាង និងអត្តសញ្ញាណអ្នកបើកបរត្រាក់ទ័របង្កហេតុ ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់។
ការជួយពន្លឿនចំណាត់ការដោយតម្លាភាព គឺដើម្បីផ្តល់យុត្តិធម៌ជូនវិញ្ញាណក្ខន្ធអ្នកស្លាប់ និងក្រុមគ្រួសារ ក៏ដូចជាបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវរបស់សមត្ថកិច្ចជំនាញ ជៀសវាងការរិះគន់ផ្សេងៗពីមជ្ឈដ្ឋានមហាជន។






