រថយន្តធុនធំដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឯកជន វីរ:ប៊ុនថាំ បានបើកបរខ្វះការប្រុងប្រយ័ត្ន ឆ្លងកាត់ស្ពានលេខ១ ផ្លូវជាតិលេខ៦ រេចង្កូតបុករះបង្កការខូចខាតដល់រថយន្ត២គ្រឿង
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្តធុនធំដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឯកជន វីរ:ប៊ុនថាំ បានបើកបរខ្វះការប្រុងប្រយ័ត្ន ឆ្លងកាត់ស្ពានលេខ១ ផ្លូវជាតិលេខ៦ រេចង្កូតបុករះបង្កការខូចខាតដល់រថយន្ត២គ្រឿង ដែលចតចោលនៅមុខផ្ទះ ។
បន្ទាប់ពីបុករួច តៃកុងរថយន្តបង្កនោះ បានព្យាយាមបើករត់គេចជាង២គីឡូដី រួចឈប់ចតចោលនៅជញ្ចើមផ្លូវ ដោយរត់យករួចខ្លួនបាត់ បន្សល់ទុកមនុស្សច្រើននាក់ ដែលកំពុងគេងនៅក្នុងរថយន្តខាងលើនោះ ទាំងមិនដឹងថាមកពីអី ។
សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងរថយន្តដែលខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕






