មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកសម្ភារថវិកាផ្ដល់ជូនមន្ដ្រី ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ
(តាកែវ)៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមបណ្តារាជធានី ខេត្ត យកចិត្តទុកដាក់ចំពោះមន្រ្តីអាវុធហត្ថ និងក្រុមគ្រួសារដែលមានជំងឺ ជួបការលំបាក ជាក់ស្ដែងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធខេត្តតាកែវ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ម៉ាន់ សារី អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តតាកែវ ដែលមានជំងឺ។
បច្ចុប្បន្នលោកវរសេនីយ៍ត្រី ម៉ាន់ សារី កំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានជូនពរឲ្យលោក ម៉ាន់ សារី បានឆាប់ជាសះស្បើយពីជំងឺដើម្បីឆាប់បានចូលបម្រើការងារនៅអង្គភាពវិញ ព្រមទាំងបាននាំយកថវិកាមូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្ត ចំនួន៤លាន២សែនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់លោក ម៉ាន់ សារី ផងដែរ៕






