ទាហានថៃ បង្ក្រាបករណីរត់ពន្ធបារីខុសច្បាប់ទ្រង់ទ្រាយធំ! ឃាត់ខ្លួនទាហានថៃម្នាក់និងភរិយា រឹបអូសបារីគេចពន្ធជិត ១ម៉ឺនកញ្ចប់ នៅតាមព្រំដែនថៃ-កម្ពុជា

ខេត្តស្រះកែវ៖ កម្លាំងបូរផាឆ,ក. (ខ្លហាត) បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការលួចលាក់ដឹកជញ្ជូនបារីគេចពន្ធតាមព្រំដែនថៃ-កម្ពុជា ដោយជោគជ័យ ស្ថិតនៅចំណុចភូមិថាប់ភ្រិក ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ប្តីប្រពន្ធ) រួមជាមួយវត្ថុតាងបារីបរទេសគេចពន្ធជិត ១០,០០០ កញ្ចប់ ដែលមានតម្លៃរាប់សែនបាត។
ប្រភពព័ត៌មានបានបញ្ជាក់ថា សកម្មភាពបង្ក្រាប និងការឃាត់ខ្លួន បានសង្កេតឃើញរថយន្តសង្ស័យម៉ាក Honda Jazz ពណ៌ស ពាក់ស្លាកលេខ ឈុនបុរី បើកចេញចូលតំបន់ព្រំដែនជាច្រើនដងនៅពេលកណ្តាលអធ្រាត្រ ក្នុងលក្ខណៈផ្ទុកធ្ងន់ខុសធម្មតា ទើបកម្លាំងជំនាញដាក់ពង្រាយបង្កប់ខ្លួនតាមដាន។ការឃាត់ខ្លួន នៅពេលកើតហេតុ គេបានឃើញបុរសជនជាតិខ្មែរ ២នាក់ លីកេះ ឆ្លងដែនមកប្រគល់ឱ្យភាគីថៃ រួចជួយលើកដាក់ក្នុងរថយន្ត។ នៅពេលសមត្ថកិច្ចបង្ហាញខ្លួន ជនជាតិខ្មែរទាំងនោះបានរត់គេចខ្លួនបាត់ស្រមោលទៅក្នុងភាពងងឹតត្រឡប់ទៅដីខ្មែរវិញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន៖
១. ឈ្មោះ វីសាឡុត ចាន់ចិន្តា (Wisarut Chanjinda) អាយុ ៤០ឆ្នាំ (ត្រូវជាប្តី និងមានឋានន្តរសក្តិជា នាយទាហានថ្នាក់សិបថោ នៃអង្គភាពយោធាមួយក្នុងខេត្តស្រះកែវ)។
២. ឈ្មោះ វ៉ាត់ឆារ៉ាផន អ៊ិនអន (Watcharaphorn In-on) អាយុ ៤១ឆ្នាំ (ត្រូវជាភរិយា)។
វត្ថុតាងដែលរឹបអូសបាន៖
បារីបរទេសគេចពន្ធចម្រុះម៉ាក (ដូចជា GOLD SEAL, VESS, TEXAS 5, LUXURY, និង COUUBOY) សរុបចំនួន ២០ កេសធំ (ស្មើនឹង ៩,៨០០ កញ្ចប់)។
ការសន្និដ្ឋានបឋម៖ ផ្អែកតាមទិន្នន័យកាមេរ៉ាសុវត្ថិភាព រថយន្តនេះបានធ្វើសកម្មភាពឆ្លងកាត់តំបន់ព្រំដែនជាច្រើនដងមកហើយ។ សមត្ថកិច្ចជឿជាក់ថាមានបណ្តាញនៅពីក្រោយខ្នង ហើយបច្ចុប្បន្នកំពុងពន្លឿនការស៊ើបអង្កេត ស្វែងរកមុខសញ្ញាពាក់ព័ន្ធ និងពិនិត្យមើលខ្សែសង្វាក់ហិរញ្ញវត្ថុនៃក្រុមរត់ពន្ធឆ្លងដែននេះ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលឃ្លងណាំសៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like