ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បន្តប្រកាសជំហរជាថ្មីក្នុងការគាំទ្រវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តបោសសំអាត Online Scams
ភ្នំពេញ៖ ប្រមុខទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យបោសសម្អាតឱ្យអស់នូវបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅថា Online Scam។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីមានការប្រកាសបញ្ជាក់ជាថ្មីពី ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន សែន ក្នុងពេលដែល សម្តេច ជួបជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ២៤ ឧសភា ២០២៦ ម្សិលមិញនេះ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់អគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា លោក Wang Wenbin បានសរសេរថា «យើងសូមសរសើរ និង គាំទ្រយ៉ាងមុតមាំ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីលុបបំបាត់ online scam»។ការប្រកាសជំហរគាំទ្រជាថ្មីរបស់ទូតចិននេះ មិនមែនធ្វើឡើងជាលើកទី១នោះទេ ពោលគឺចិនបានធ្វើឡើងតាំងពីដើមដំបូងមកម្ល៉េះ ក្នុងន័យគាំទ្រគោលជំហររបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់ Online Scam។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សប្រមាណជាង ៤,០០០នាក់ នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តចាត់វិធានការបោសសម្អាត Online Scam បន្ថែមទៀត និង ចាត់វិធានការដកតំណែងមន្រ្តីណាដែលជាប់ពាក់ព័ន្ធ មិនអនុវត្តក្នុងការបោសសម្អាត ក្នុងការងារនេះ។
សម្តេច ហ៊ុន សែន ក៏បានឆ្លៀតយកឱកាសនោះ ដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលជានិច្ចកាល បានសហការយ៉ាងល្អ ក្នុងការសហការបង្ក្រាប ស្រាវជ្រាវ ក៏ដូចការសម្រួលដល់ការដឹកជញ្ជូនជនជាតិចិន ចេញពីកម្ពុជា បានយ៉ាងឆាប់រហ័សដែលសម្តេចចាត់ទុកថា ជាគំរូមួយដ៏ល្អនៃកិច្ចសហការអន្តរជាតិ ខណៈបញ្ហា Online Scam នេះ ជាបញ្ហាសកលទាមទារឱ្យអន្តរជាតិរួមគ្នាដោះស្រាយ៕






