ចិនបញ្ជូនអវកាសយានិកទៅកាន់បេសកកម្មអវកាសរយៈពេល១ឆ្នាំ ខណៈសម្លឹងរកការចុះចតលើភពព្រះចន្ទនៅឆ្នាំ ២០៣០
ប្រទេសចិនបានបញ្ជូនអវកាសយានិកបីនាក់ទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ២៤ឧសភា ដែលម្នាក់ក្នុងចំណោមពួកគេ នឹងស្នាក់នៅរយៈពេលមួយឆ្នាំ ជារយៈពេលកំណត់ត្រាសម្រាប់ប្រទេសនេះ ដែលអាចឱ្យការសិក្សាអំពីសរីរវិទ្យាមនុស្សមានរយៈពេលយូរនៅក្នុងលំហអាកាស ខណៈ ទីក្រុងប៉េកាំងកំពុងធ្វើការឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួនក្នុងការចុះចតលើភពព្រះចន្ទដែលមានមនុស្សនៅត្រឹមឆ្នាំ ២០៣០។
យានអវកាស Shenzhou-23 បានបាញ់បង្ហោះនៅម៉ោង ១១:០៨នាទីយប់ ដោយប្រើយានចម្លង Long March-2F Y23 ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ដោយមានអវកាសយានិកចិនបីនាក់នៅលើនោះ។
អ្នកជំនាញផ្នែកគ្រឿងបំពាក់យានអវកាស លោក Li Jiaying អតីតអធិការនគរបាលទីក្រុងហុងកុង គឺជាអវកាសយានិកដំបូងមកពីទីក្រុងនេះ ដែលបានចូលរួមក្នុងបេសកកម្មអវកាសរបស់ចិន។ សមាជិកអវកាសយានិកផ្សេងទៀតគឺមេបញ្ជាការលោក Zhu Yangzhu និងអ្នកបើកបរលោកស្រី Zhang Yuanzhi ដែលអ្នកទាំងពីរមកពីផ្នែកអវកាសយានិកនៃកងទ័ពរំដោះប្រជាជន។
ទីភ្នាក់ងារអវកាសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ម្នាក់ក្នុងចំណោមបេសកកម្មទាំងបី គឺត្រូវស្នាក់នៅលើស្ថានីយ៍អវកាស Tiangong រយៈពេលមួយឆ្នាំ ដែលជាបេសកកម្មអវកាសដ៏យូរបំផុតមួយ ប៉ុន្តែនៅតិចជាងកំណត់ត្រា១៤ ខែកន្លះដែលបង្កើតកំណត់ត្រាដោយអវកាសយានិករុស្ស៊ីក្នុងឆ្នាំ១៩៩៥។
អង្គការ NASA របស់អាមេរិកកំពុងស្វែងរកការចុះចតលើភពព្រះចន្ទដែលមានមនុស្សបើកនៅឆ្នាំ២០២៨ ដែលនាំមុខប្រទេសចិនពីរឆ្នាំ។ សហរដ្ឋអាមេរិកមានគោលបំណងបង្កើតវត្តមានរយៈពេលវែងនៅលើភពព្រះចន្ទជាជំហានមួយឆ្ពោះទៅរកការរុករកភពអង្គាររបស់មនុស្ស៕






