រដូវកាលចុងក្រោយជាមួយព្រះខ័នរាជ តែ Cristian នឹងបន្ដលេងនៅកម្ពុជា ដើម្បីកៅអីជម្រើសជាតិ
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Ruque បានបញ្ជាក់ច្បាស់ថា នេះគឺជារដូវកាលក្រោយ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីរូបគេ បានរួមចំណែកជួយក្លិបបាន ២រដូវកាល និងទទួលបានសមិទ្ធផលជាច្រើន ទាំងពានក្នងស្រុក និងអន្ដរជាតិ។ បែបនេះក្ដី Cristian នឹងបន្ដលេងនៅកម្ពុជា ដើម្បីមានឱកាសចូលសញ្ជាតិ និងលេងឲ្យជម្រើសជាតិកម្ពុជា។
ក្នុងឱកាសអបអរព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញមោទនភាព ដែលបានរួមក្រុមជាមួយព្រះខ័នរាជស្វាយរៀង ពិសេសរដូវកាលចុងក្រោយ ដែលក្លិបពិតជាធ្វើបានយ៉ាងល្អ ហើយក៏ជារដូវកាលដ៏អស្ចារ្យក្នុងអាជីពបាល់ទាត់របស់ខ្លួនផងដែរ។
យ៉ាងណាមិញ បាល់ទាត់មានជួបមានបែក ដោយរូបគេបានបញ្ជាក់ច្បាស់ៗថា នេះគឺជារដូវកាលចុងក្រោយរបស់ខ្លួន ជាមួយព្រះខ័នរាជស្វាយរៀង ដ្បិតមានហេតុផលជាច្រើន ដែលរូបគេត្រូវចាកចេញ តែ Cristian សម្រេចនឹងបន្ដលេងឲ្យក្លិបថ្មីមួយទៀតនៅកម្ពុជា ដើម្បីទទួលបានសញ្ជាតិខ្មែរ និងមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។ មិនតែប៉ុណ្ណោះ រូបគេក៏បានអំពាវនាវឲ្យអ្នកគាំទ្រអត់ធ្មត់ ដោយសង្ឃឹមថា អនាគតជម្រើសជាតិកម្ពុជានឹងកាន់តែល្អថែមទៀត។
គួរដឹងថា Cristian Ruque បានមកប្រកបអាជីពនៅកម្ពុជា នៅរដូវកាលឆ្នាំ២០២២ ជាមួយក្លិបណាហ្គាវើលដ៏ មុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង នៅរដូវកាលឆ្នាំ២០២៤/២៥ ដោយធ្លាប់រួមចំណែកជួយក្រុមឈ្នះពានលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ព្រមទាំងឈ្នះជើងឯករងម្ដង និងជើងឯកម្ដង ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ២រដូវកាលចុងក្រោយ ពិសេសការទទួលបានជើងឯករងពានរង្វាន់ AFC Challenge League ២រដូវកាលជាប់គ្នាជាដើម។
តាមគោលការណ៍ កីឡាករបរទេស ដែលមកប្រកបអាជីពនៅកម្ពុជា ចាប់ពី ៥ឆ្នាំឡើង នឹងមានសិទ្ធដាក់ស្នើសុំសញ្ជាតិ ដូចដែលកីឡាករបរទេសមួយចំនួន ធ្លាប់ទទួលបានកន្លងមក ហើយរដូវកាលថ្មីខាងមុខ គឺជាគម្រប់ឆ្នាំ ដែល Cristian Ruque អាចស្នើសុំសញ្ជាតិ ក៏ដូចជាអាចមានឱកាសលេងឲ្យជម្រើសជាតិ ប្រសិនបើមានការសម្រេចចិត្តជ្រើសរើសពីគ្រូបង្វឹកផងដែរ៕






