នគរបាលស្រុកបរសេដ្ឋ បង្ក្រាបក្រុមក្មេងទំនើងបីនាក់បង្ហោះម៉ូតូលើផ្លូវសាធារណៈ
ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៦អនុវត្តតាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផុង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតតាមភូមិសាស្រ្តងាយរងគ្រោះ ក៏ប្រទះឃើញក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូ ចំណុចផ្លូវបេតុងភូមិដំបូកខ្ពស់ ឃុំផុង រួចនាំខ្លួនក្រុមក្មេងទំនើងខាងលើ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។
យុវជនទំនើងទាំងបីនាក់រួមមាន÷ ១- ឈ្មោះ រិន ដាវ៉ាន់ ភេទប្រុស អាយុ១៧ ឆ្នាំ (ម្ចាស់ម៉ូតូ និងអ្នកបង្ហោះម៉ូតូ ) រស់នៅភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
,២- ឈ្មោះ កប ពិសី ភេទប្រុសអាយុ ១៧ ឆ្នាំ (ជាអ្នកជិះពីក្រោយ) រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង៣- ឈ្មោះ ជា វណ្ណៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ(ជាអ្នកជិះពីក្រោយ) រស់នៅភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រុមក្មេងទំនើងទាំង០៣នាក់ខាងលើសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសារធាណះពិតប្រាកដមែន។ លោកនាយប៉ុស្តីនគរបាលរដ្ឋបាលផុង ក៏បានធ្វើកិច្ចសន្យាអប់រំ,កោរសក់ និងកោះហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។
ចំពោះម៉ូតូដែលជិះបង្ហោះម៉ាកហុងដា C125 ផ្លាកលេខភ្នំពេញ 1 GB 8548 សេរីឆ្នាំ២០១៧ រក្សាទុកនៅប៉ុស្តិ៍ចំនួន៩០ថ្ងៃ៕






