នគរបាលស្រុកគងពិសី ប្រទះឃើញយុវជន៥ នាក់ មានកាំបិតជាប់ខ្លួន ត្រូវបានឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសីបានឲ្យដឹងនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ ២០២៦នេះថា សមត្ថកិច្ចឃាត់ខ្លួនយុវជន៥នាក់ ដែលប្រដាប់ដោយកាំបិត នៅគ្រាដែលពួកគេកំពុងអង្គុយនៅក្នុងទីងងឹត។
ប្រភពខាងលើបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី នៅវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែឧសភា ២០២៦ កម្លាំងផ្នែកជំនាញនៃអធិការ ដ្ឋាននគរស្រុក ល្បាតលើផ្លូវលេខ៤១ មកដល់ចន្លោះគីឡូម៉ែត្រ២០-២១ បានប្រទះឃើញក្រុមជនសង្ស័យមួយក្រុមអង្គុយនៅលើកញ្ចុះជាប់ផ្លូវជាតិ ស្ថិតនៅភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ពួកគេមានចំនួន០៥នាក់ ÷
១/ឈ្មោះ សុផល ភត្រា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃទើ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២/ឈ្មោះ អុល តាប់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៣/ឈ្មោះ មាស ដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៤/ឈ្មោះ រ៉ន ថុនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្លែងពណ៌ត្បូង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៥/ឈ្មោះ ទួន ចាន់វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
កម្លាំងសមត្ថកិច្ចបានឃាត់សួរនាំ ត្រួតពិនិត្យឃើញមាន កាំបិតផ្គាក់ដងឫស្សីប្រវែង៧០ស.ម ចំនួន០១ដើម,ដាវកែច្នៃដងដែកប្រវែង១១០ស.ម ចំនួន០១ដើម,ដែកទីបប្រវែង១០០ស.ម ទុកនៅក្បែរខ្លួនលើកញ្ចុះ និងម៉ូតូ០២ គ្រឿម៉ាកហុងដាសេ១២៥០២គ្រឿពណ៌ខ្មៅ (សេរីឆ្នាំ ២០១៦ស្លាកលេខកណ្ដាល 1T.6305 និង០១ គ្រឿងទៀតសេរីឆ្នាំ២០១៤ គ្មានស្លាកលេខ)។
ជនសង្ស័យទាំង០៥នាក់ត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុក រួមទាំងវត្ថុតាងដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅស្នងការនគបាលខេត្តចាត់ការតាមនិតិវិធី៕






