សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​៖ រដ្ឋាភិបាលតែងតែនៅជាមួយ និងផ្ដល់ការអនុគ្រោះច្រើនបំផុតដល់វិស័យឯកជន​ ដើម្បីផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូល

(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង​ថារ​ដ្ឋាភិបាលតែងតែនៅជាមួយ និងផ្ដល់ការអនុគ្រោះច្រើនបំផុតដល់វិស័យឯកជន​ ​ជាពិសេសក្នុងវិស័យកសិកម្ម ដោយរដ្ឋាភិបាលបានអនុគ្រោះនិងទម្លាក់ពន្ធយ៉ាងច្រើន ដើម្បីជួយដល់កសិករ និងវិនិយោគិន ក្នុងវិស័យនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា ការអនុគ្រោះនេះ ​ធ្វើឡើងតាមរយៈការទម្លាក់ពន្ធ និងការមិនយកពន្ធលើការនាំចេញផលិតផលកសិកម្មមួយចំនួន រួមនិងការចេញខាតលើថ្លៃភ្លើងជាដើម​។ការអនុគ្រោះ នឹងជួយទៅដល់​ជីវភាពប្រជាពលរដ្ឋ និងជះផលដល់សេដ្ឋកិច្ច និងសង្គមទាំងមូល។

​សម្តេចបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា«ហើយរាជរដ្ឋាភិបាលនឹងនៅជាមួយ​ ធ្វើយ៉ាងណា ដើម្បីឱ្យការវិនិយោគមានការជោគជ័យ ដើម្បីបង្កើនភាពទុកចិត្តមកលើប្រទេសកម្ពុជា ហើយខ្ញុំសុំអរគុណវិនិយោគិនចិនដែលជានិច្ចកាលជាអ្នកវិនិយោគស្ថិតនៅលំដាប់លេខ១ នៅក្នុងការវិនិយោគបង្កើនការទុកចិត្ត​ ហើយរាជរដ្ឋាភិបាលនឹងនៅជាមួយគ្នា ដើម្បីយើងដើរ ហើយនេះគឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី យើងរួមគ្នា ពង្រឹងទាំងអស់គ្នា។ អ៊ីចឹងសូមឱ្យពិនិត្យមើលផលិតផ្សេងៗទៀត ឬមើលផលិតផលដែល​ត្រូវការកៅស៊ូ ត្រូវការវត្ថុធាតុដើមក្នុងប្រទេស​ ហើយមើលជាអេកូស៊ីស្ទែម ដែលយើងត្រូវជួយ យើងត្រូវអនុគ្រោះកម្រិតណាដល់ខាងសិប្បកម្មប្រភេទណា ព្រោះសិប្បកម្ម យើងគិតគូរពីការលើកទឹកចិត្តវិនិយោគ ពីក្រៅ និងពីក្នុងកម្រិតធំមួយ»។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា ​តាំងពីអាណត្តមុនមក រដ្ឋាភិបាល​មិនយកពន្ធដីធ្លីឡើយ ពោលគឺក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងមិនយកពន្ធលើដីកសិកម្មនោះទេ ដើម្បីជួយដល់កសិករ ឱ្យមានជីវភាពល្អ។ ដោយឡែកតម្លៃភ្លើងវិញ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ និងរិះរកវិធីក្នុងការកាត់បន្ថយបន្ថែមទៀត នៅថ្ងៃខាងមុខ។ ជាក់ស្តែងក្នុងពេលដែលផ្ទុះសង្រ្គាមនៅអ៊ឺរ៉ុងប្រទេសមួយចំនួន ភ្លើងឡើងថ្លៃ ប៉ុន្តែសម្រាប់នៅកម្ពុជា រដ្ឋសុខចិត្តចេញខាត។
សម្ដេចមហាបវរធិបតី មានប្រសាសន៍ទៀតថា រដ្ឋាភិបាលបានផ្តល់ការអនុគ្រោះជាច្រើន ជាពិសេសក្នុងវិស័យកសិកម្ម ដូចជាការនាំចូលជីកសិកម្ម

ខណៈការនាំចេញផលិតផលសម្រេចដូចជាកង់ឡាន ក៏មិនជាប់ពន្ធដែរ ដើម្បីជំរុញភាពប្រកួតប្រជែងជាមួយផលិតផលប្រទេសផ្សេងទៅនៅលើទីផ្សារអន្តរជាតិ៕

You might also like