ខួបមួយឆ្នាំនៃព្រឹត្តិការណ៍បំពានពីថៃមកកម្ពុជា មិនមែនត្រឹមជាការរំលឹកអតីតកាលទេ ប៉ុន្តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កងទ័ព និងប្រជាជាតិខ្មែរ ក្នុងការពារដែនដី និងអធិបតេយ្យភាពជាតិ

(ឧត្តរមានជ័យ)៖ ស្របពេលខួបមួយឆ្នាំនៃព្រឹត្តិការណ៍រំលោភបំពានរបស់ថៃមកលើបូរណភាពដែនដីកម្ពុជា លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកគណ:កម្មាធិការនាយកពុទ្ធិសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាច្រើន រួមមាន ទឹកសុទ្ធ សាច់គោងៀត សាច់ក្រក ថវិកា និងធុងទឹកចំណុះ ២០០០លីត្រ (អំណោយសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល) ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅទិសថ្មដូន ខេត្តឧត្តរមានជ័យ ក្នុងការបន្តស្មារតីសាមគ្គីភាពជាតិ និងការភ្ជាប់ខ្សែរវាងជួរក្រោយ និងជួរមុខ ដែលជាកម្លាំងស្នូលក្នុងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

លោក ឈួរ សុបញ្ញា បានលើកឡើងថា ខួបមួយឆ្នាំនេះ មិនមែនត្រឹមជាការរំលឹកអតីតកាលទេ ប៉ុន្តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កងទ័ព និងប្រជាជាតិខ្មែរ ក្នុងការពារដែនដី និងអធិបតេយ្យភាពជាតិ។

ក្នុងឱកាសនោះផងដែរ លោកក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនជួរក្រោយទាំងមូល ជូនដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មយ៉ាងអង់អាចនៅតំបន់ព្រំដែន ដោយសូមថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរខ្ពស់ចំពោះវីរភាព ការលះបង់ និងភាពអត់ធ្មត់របស់កងទ័ព ដែលបានការពារជាតិដោយស្មោះត្រង់ និងមិនខ្លាចលំបាក។

ព្រមជាមួយនេះ លោកក៏បានជម្រាបជូននូវស្មារតីរបស់យើងទាំងអស់គ្នានៅជួរក្រោយចំពោះកងទ័ពយើងដូចខាងក្រោម៖

*១. បន្តរក្សាស្មារតីក្លាហាន និងស្មោះត្រង់ចំពោះជាតិ ដោយត្រូវបន្តការពារបូរណភាពដែនដី ដោយឈរលើស្មារតីជាតិ និងការទទួលខុសត្រូវខ្ពស់។

*២. រក្សាសាមគ្គីភាព និងវិន័យក្នុងកងទ័ព ព្រោះសាមគ្គីភាព គឺជាគន្លឹះនៃកម្លាំង និងជ័យជំនះ។

*៣. ជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលជាតិដោយការអនុវត្តតាមចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាតិ និងធានាបាននូវសន្តិភាព និងសុវត្ថិភាពជាតិយូរអង្វែង។

ជាការឆ្លើយតប វីរកងទ័ពជួរមុខបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងប្រជាជនជួរក្រោយ ដែលតែងតែគាំទ្រទាំងសម្ភារៈ និងស្មារតី។ ការគាំទ្រនេះជាកម្លាំងចិត្តដ៏សំខាន់ ឱ្យកងទ័ពបន្តបំពេញបេសកកម្មការពារជាតិបានយ៉ាងមុតមាំ។ សកម្មភាពនេះមិនត្រឹមជាការចែករំលែកអំណោយប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីស្មារតីជាតិថា ប្រជាជនកម្ពុជាទាំងមូល តែងតែឈររួមគ្នា ក្នុងការការពារបូរណភាពទឹកដី និងថែរក្សាសន្តិភាពជាតិឱ្យបានយូរអង្វែង៕

You might also like