[UPDATE] មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់ក្នុងរូងភ្នំ នៅ​ឡាវ ត្រូវបានរកឃើញនៅមានជីវិត

ក្រុម​អ្នកជួយសង្គ្រោះ បានឲ្យ​ដឹង​ថា មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់នៅក្នុងរូងភ្នំលិចទឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសឡាវ ត្រូវបានរកឃើញនៅរស់រានមានជីវិត នា​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ។

តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ក្រុមជួយសង្គ្រោះឡាវឈ្មោះ​ Rescue Volunteer for People បានឲ្យ​ដឹងថា៖ «យើងបានរកឃើញមនុស្សប្រាំនាក់នៅរស់រានមានជីវិត ហើយមានសុវត្ថិភាពទាំងអស់។ នៅតែមានមនុស្ស ២នាក់ដែលយើងកំពុងស្វែងរក»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Lao Economic Daily ក៏បានរាយការណ៍​​ផងដែរថា មនុស្ស ៥នាក់ត្រូវបានរកឃើញថា នៅរស់រានមានជីវិត។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ បានរាយការណ៍​នៅសប្តាហ៍នេះថា អ្នកភូមិជនជាតិ​ឡាវទាំង ៧នាក់នោះ បានចូលទៅក្នុងរូងភ្នំ នៅក្នុង​ខេត្ត Xaysomboun ភាគកណ្តាល ចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ នៅ​ភាគឦសាននៃរដ្ឋធានីវៀងចន្ទន៍ កាល​ពី​ថ្ងៃទី២០​ ខែឧសភា។ ពួកគេកំពុងស្វែងរកមាស ប៉ុន្តែផ្ទុយទៅវិញ បានជាប់នៅក្នុងរូងភ្នំនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យ​មានទឹកជំនន់គំហុក​ភ្លាមៗ ដែលនាំ​ឲ្យ​​ច្រកចេញត្រូវ​បិទជិត​។

នៅមុន​នេះ ក្រុម​អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់ អំពីសណ្ឋាន​ដី​ភ្នំ​ដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលក្លាយ​ជា​ឧបសគ្គ​ដល់​ប្រតិបត្តិការនេះ៕

 

You might also like