កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះរដ្ឋបាលតាមអគារ និងទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងសម្ភារមួយចំនួនពាក់ព័ន្ធនឹងបទល្មើស Online Scams

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យចំនួន៦ទីតាំង ស្ថិតក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត។
សម្រាប់ប្រតិបត្តិការនេះក្រុមការងារ បានបិទសៀល១ទីតាំង និងធ្វើរដ្ឋបាលចំនួន៥ទីតាំង។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពេលចុះរដ្ឋបាល៥ទីតាំង ក្រុមការងារបានរកឃើញជនបរទេសចំនួន៩៤នាក់ (ស្រី១២នាក់) ៤សញ្ជាតិ (ឥណ្ឌូនេស៊ី៤៤នាក់ (ស្រី៩នាក់), ចិន៤៦នាក់ (ស្រី២នាក់), មីយ៉ាន់ម៉ា១នាក់ស្រី និងម៉ាឡេស៊ី៣នាក់។
ក្រុមការងារ បានបិទសៀល១ទីតាំង នៅផ្ទះវីឡាកម្ពស់២ជាន់ ស្ថិតនៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្រោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរកឃើញជនបរទេស ចំនួន៦នាក់ប្រុស ជាជនជាតិចិន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី។
៥ទីតាំង ដែលក្រុមការងារបានចុះធ្វើរដ្ឋបាល រួមមាន៖
*ទីតាំងទី១៖ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ អគារកម្ពស់៣ជាន់ មានជនបរទេសស្នាក់នៅចំនួន ១៥នាក់ (ស្រី៥នាក់) ជាជនជាតិឥណ្ឌូនេស៊ី តែពុំមានសម្ភារសង្ស័យ ហើយឲ្យអប់រំ និងធ្វើកិច្ចសន្យា។
*ទីតាំងទី២៖ អគារកម្ពស់៣ជាន់ ទាំងជាន់ផ្ទាល់ដី មានជនបរទេសស្នាក់នៅចំនួន២៩នាក់ (ស្រី៤នាក់) ជាជនជាតិឥណ្ឌូនេស៊ី តែពុំមាន​​សម្ភារសង្ស័យ ហើយអប់រំនិងធ្វើកិច្ចសន្យា។
*ទីតាំងទី៣៖ ផ្ទះ១ល្វែង កម្ពស់៤ជាន់ ទាំងជាន់ផ្ទាល់ដី ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រកឃើញជនជាតិចិន២១នាក់ (ស្រី១នាក់) និងខ្មែរ១នាក់ស្រី ក្នុងនោះ ជនជាតិចិន៩នាក់ប្រុស មិនមានលិខិតឆ្លងដែន បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងបន្ដនីតិវិធី។ សមត្ថកិច្ចបន្ដស្វែងរកម្ចាស់ទីតាំង ដើម្បីធ្វើកិច្ចសន្យា និងផាកពិន័យដែលមិនបានរាយការណ៍ អំពីវត្តមានជនបរទេសស្នាក់នៅទីតាំងរបស់ខ្លួន។
*ទីតាំងទី៤៖ នៅសណ្ឋាគារ ជាំងហ៊ូ អ៊ីន ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ (មានការចូលរួមសហការពីអ្នកគ្រប់គ្រង)។ សណ្ឋាគារកំពុងបើកដំណើរការ បញ្ជីប៉ាតង់មានឈ្មោះ ង៉ែត សុខាក់ មានសុពលភាពអាជ្ញាបណ្ណ ត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៧ អគារមានកម្ពស់១១ជាន់ ទាំងជាន់ផ្ទាល់ដី មាន៧៧បន្ទប់ជាបន្ទប់ស្នាក់នៅ និងមានបន្ទប់សម្រាប់លេងកីឡា និងភោជនីយដ្ឋាន។ មានអ្នកគ្រប់គ្រងឈ្មោះ ងិន សុវណ្ណារិទ្ធ ភេទប្រុស។ តាមការរាយការណ៍របស់អ្នកគ្រប់គ្រប់ មានជនបរទេសស្នាក់នៅចំនួន២០នាក់ (ស្រី២នាក់) ២សញ្ជាតិ ចិន១៩នាក់ (ស្រី១នាក់) និងមីយ៉ាន់ម៉ា១នាក់ស្រី។ ក្រុមការងារចម្រុះបានដើរត្រួតពិនិត្យតាមបន្ទប់ ពុំឃើញមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ក្រុមការងារចម្រុះ បានអប់រំនិងធ្វើកិច្ចសន្យា។
*ទីតាំងទី៥៖ អគារពណ៌ស កម្ពស់៤ជាន់ ទាំងជាន់ផ្ទាល់ដី ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនបរទេសស្នាក់នៅ៣នាក់ប្រុស ជាជនជាតិម៉ាឡេស៊ី និងខ្មែរ១នាក់ស្រី តែពុំមានសម្ភារ សង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយឲ្យអប់រំ និងធ្វើកិច្ចសន្យា៕

You might also like