ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ

មានករណីបាញ់ប្រហារលើជនជាតិអូស្ត្រា លីចំនួន ០២នាក់ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតចំនួន ០១នាក់ និងរងរបួសធ្ងន់ចំនួន ០១នាក់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីកើតហេតុ នគរបាលវៀតណាមបានបើកប្រតិបត្តិការស្រាវជ្រាវរកឃើញថា ជនបង្កបានរត់គេចខ្លួនចូលមកដែនដីនៃប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសហប្រតិបត្តិការពីនគរបាលជាតិកម្ពុជា។ តាមរយៈការផ្លាស់ប្តូរព័ត៌មានជំនាញជាមួយភាគីវៀតណាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិ សាម៉នចំនួន ០២នាក់ រួមមានឈ្មោះ VAA VAA ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ TAFIA STEVE ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានប្រគល់ជូនភាគីវៀតណាមដើម្បីបន្តនីតិវិធី។

លទ្ធផលប្រតិបត្តិការខាងលើបានបង្ហាញឱ្យឃើញថា នគរបាលនៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ សំដៅរួមគ្នាថែរក្សាសន្តិសុខ និងភាពសុខសាន្តរបស់ពលរដ្ឋ ប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបន្តរក្សាគោលការណ៍ និងឆន្ទៈមោះមុតលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគីទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ សំដៅរួមគ្នារក្សាស្ថិរភាពក្នុងសហគមន៍តំបន់ និងអន្តរជាតិ៕

You might also like