គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រតិបត្តិការលើទីតាំងផ្ទះវិឡាមួយខ្នងនៅក្រុងបាត់ដំបង រកឃើញជនជាតិកូរ៉េ ៦នាក់ ជាមុខសញ្ញា Online Scams

បាត់ដំបង ៖ ជារៀងរាល់ថ្ងៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានធ្វើសកម្មភាពត្រួតពិនិត្យលើដងផ្លូវ ត្រួតពិនិត្យរដ្ឋបាល និងស៊ើបអង្កេតស្រាវជ្រាវនៅទូទាំងខេត្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams។
ដោយមានមូលដ្ឋានពីវិធានការស្រាវជ្រាវនេះនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមបញ្ជាផ្ទាល់របស់ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិ ងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចុះប្រតិបត្តិការលើទីតាំងផ្ទះវិឡាមួយខ្នងនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រកឃើញជនជាតិកូរ៉េចំនួន៦ នាក់ ភេទប្រុសជាមុខសញ្ញា Online Scams ដែលទើបមកស្នាក់នៅនាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានសង្ស័យជាប់ប្រតិវេទក្រហមដែលត្រូវបញ្ជូនទៅអគ្គស្នងការនគរបាលជាតិទាំងមនុស្ស ទាំងវត្ថុតាង។
ដោយឡែកជនជាតិខ្មែរមួយរូបជាអ្នកដឹកជញ្ជូនជនបរទេសដែលជាមុខសញ្ញា Online Scams ចល័តពីទីតាំងមួយទៅទីតាំងមួយទៀត កំពុងចាត់ការតាមនីតិវិធីជាមួយនិងម្ចាស់ផ្ទះជួល។ ចំពោះផ្ទះជួលត្រូវបានបិទសៀលរួចប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងទទួលខុសត្រូវ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាននិងកំពុងបន្តស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗរបស់ជនប្រព្រឹត្តបទល្មើស Online Scams នេះនិងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយអនុវត្តឱ្យខាងតែបានតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមបងប្អូនដែលបានជួលផ្ទះឱ្យជនបរទេសត្រូវរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ អនក្រ. បក ស្ដីពីការគ្រប់គ្រងសន្តុិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បើមិនដូច្នេះទេបងប្អូននឹងទទួលរងការផាកពិន័យដោយជនបរទេសម្នាក់បួនលានរៀលរួមទាំងទោសទណ្ឌផ្សេងៗទៀតតាមច្បាប់ខាងលើ៕

You might also like