អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រគល់ម៉ូតូ២០គ្រឿង ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីប្រើប្រាស់ក្នុងការល្បាតតាមបណ្តោយព្រំដែនឱ្យកាន់តែមានប្រសិទ្ធិភាព

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជានាយកគម្រោងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ម៉ូតូចំនួន២០គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីគម្រោងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) ដើម្បីប្រើប្រាស់សម្រាប់ការងារល្បាត តាមបណ្តោយព្រំដែនទាំងស្លាបឆ្វេង និងស្លាបស្តាំ ក្នុងគោលបំណងពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងច្រកចេញ-ចូលតាមបណ្តោយព្រំដែនឱ្យកាន់តែមានប្រសិទ្ធិភាព។
នាឱកាសនោះឧត្តមសេនីយ៍ឯក បានថ្លែងថា ជំនួយឧបត្ថម្ភម៉ូតូទាំងអស់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់មន្ត្រីនគរបាល អន្តោប្រវេសន៍នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិ ក្នុងការអនុវត្តកិច្ចការងារប្រចាំថ្ងៃ ដូចជា ការល្បាត ការត្រួតពិនិត្យ និងការឆ្លើយតបចំពោះស្ថានភាពផ្សេងៗបានទាន់ពេលវេលា សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពតាមតំបន់ព្រំដែន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួល គម្រោងក្រោមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) ផ្តោតសំខាន់លើការពង្រឹងវិស័យអន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែននៅព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសន្តិសុខជាតិ ការគ្រប់គ្រងលំហូរមនុស្សឆ្លងដែន និងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំ និងផ្តាំផ្ញើដល់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ គោរពវិន័យកងកម្លាំង មានសាមគ្គីភាពផ្ទៃក្នុង និងបម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ កាយវិការសុភាពរាបសារ ម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់។
លោកបានសង្កត់ធ្ងន់ថា ការពង្រឹងការគ្រប់គ្រងព្រំដែន និងការងារអន្តោប្រវេសន៍ គឺជាកត្តាសំខាន់ក្នុងការថែរក្សាសន្តិសុខ ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ៕

You might also like