ចំណាត់ការដ៏ម៉ឹងម៉ាត់! អាជ្ញាធរខេត្តកណ្ដាល និងស្រុកលើកដែក បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ២កន្លែង ឃាត់ខ្លួនជនជាតិចិន៣៨នាក់
(កណ្ដាល)៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ចំនួន២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកលើកដែក ដោយទទួលបានជោគជ័យ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៣៨នាក់ និងកំពុងបន្តស្រាវជ្រាវពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែនផ្សេងៗទៀត។
ទីតាំងទី១៖ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជាង១៤០០ម៉ែត្រពីសាលាស្រុកលើកដែក។
ដោយឡែក ទីតាំងទី២៖ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន «មីស្ទើលេង» ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ទាំងពីរទីតាំងស្រុកលើកដែក ដែលមានចម្ងាយប្រមាណជាង៤៧០០ម៉ែត្រពីសាលាស្រុកលើកដែក និងចម្ងាយប្រមាណជាង១៧០០ម៉ែត្រពីផ្លូវជាតិលេខ១៤។
ជុំវិញករណីនេះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានអះអាងថា រដ្ឋបាលស្រុក និងកម្លាំងចម្រុះគ្រប់ផ្នែក នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តកណ្ដាល និងស្ថាបនពាក់ព័ន្ធក្នុងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់ និងតឹងរ៉ឹងបំផុត ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជន Scam Online ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
លោកបញ្ជាក់ថា ការបង្ក្រាបនេះ គឺអនុវត្តស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលដឹកនាំផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល។
គួររំលឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្តម គួច ចំរើន បានប្រកាសជាសាធារណៈតាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធករណី Scam Online ហើយអ្នកផ្ដល់ព័ត៌មាននឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ព្រមទាំងធានារក្សាការសម្ងាត់ជូនយ៉ាងតឹងរ៉ឹង។
មហាជនបានសម្ដែងការគាំទ្រ និងកោតសរសើរចំពោះចំណាត់ការដ៏ក្តៅគគុក និងមិនបន្ធូរដៃរបស់អាជ្ញាធរខេត្តកណ្ដាល ជាពិសេសអាជ្ញាធរស្រុកលើកដែកដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងគំរាមកំហែងដល់សង្គមជាតិ៕






