អាជ្ញាធរខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនជាតិចិន ១១នាក់ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០២ខ្នងផ្ទះ នៅបុរីសុង ឃុន នៅសង្កាត់វាលស្បូវ

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ចុះត្រួតពិនិត្យរដ្ឋបាល ឃើញជនបរទេសស្នាក់នៅ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន០២ខ្នងផ្ទះ នៅបុរីសុង ឃុន ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ រកឃើញជនជាតិចិនភេទប្រុសសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន។
បច្ចុប្បន្ននាទាំងមនុស្ស និងសម្ភារបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីបន្តនីតិវិធី។
សូមជម្រាបជូនថា នេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

You might also like