ប្រមុខមន្ទីរបញ្ចកោណ ជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនកញ្ចប់ថវិកាយោធា ប្រឈមមុខនឹងការកើនឡើងអំណាចចិន
(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី បង្កើនការចំណាយលើកញ្ចប់ថវិកាយោធាដើម្បីទប់ស្កាត់ ការកើនឡើងនៃអំណាចរបស់ចិន និងរារាំងមិនឱ្យចិនមានអនុត្តរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Pete Hegseth ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។ តាមលោកប្រមុខមន្ទីរបញ្ចកោណ សម្ព័ន្ធមិត្តដែលអាចជួយខ្លួនឯង និងមានភាពរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការកំញើញទប់ស្កាត់ ហើយថាសហរដ្ឋអាមេរិកមានហេតុផល ត្រឹមត្រូវជុំវិញការព្រួយបារម្ភពីការកើនឡើងយ៉ាងឆាប់រហ័សនៃសមត្ថភាពយោធារបស់ចិន។ «វាពិតជាមានការព្រួយបារម្ភមានហេតុផលត្រឹមត្រូវចំពោះការពង្រីកសមត្ថភាពយោធា ជាប្រវត្តិសាស្ត្ររបស់ចិន និងការពង្រីកសកម្មភាពយោធារបស់ពួកគេក្នុងតំបន់ និងនៅកន្លែងផ្សេងទៀត»។ នេះជាការគូសបញ្ជាក់របស់លោក Hegseth។
លោក Hegseth បានបន្តទៀតថា «តំបន់ប៉ាស៊ីហ្វិកមួយដែលត្រូវបានគ្រប់គ្រងដោយអនុត្តរភាពណាមួយនឹងបំផ្លាញដល់តុល្យភាពអំណាចតំបន់។ គ្មានរដ្ឋណាមួយ ក្នុងនោះរួមមានទាំង ចិនអាចអនុវត្តអនុត្តរភាព និងធ្វើឱ្យសន្តិសុខនៃជាតិរបស់យើង រួមទាំងសម្ព័ន្ធមិត្តរបស់យើងស្ថិតក្រោមការគំរាមកំហែងបាននោះទេ»។
គួរបញ្ជាក់ថា បើតាមលោក Hegseth សហរដ្ឋអាមេរិករំពឹងថាសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់ខ្លួនក្នុងតំបន់អាស៊ី នឹងបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៣.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP ខណៈរដ្ឋបាលលោក ត្រាំ សន្យាវិនិយោគ ១.៥ទ្រីលានដុល្លារលើវិស័យយោធារបស់ខ្លួន។ តែយ៉ាងណាក៏ដោយ លោក Hegseth ក៏បានបញ្ជាក់ ដែរថាសម្ព័ន្ធមិត្តអាមេរិកចង់បានស្ថិរភាព មិនមែនបង្កើនជម្លោះឡើយ ស្របពេលទំនាក់ទំនងជាមួយប៉េកាំងកំពុងមានភាពល្អប្រសើរខ្លាំងជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែការកើនឡើងនៃទំនាក់ទំនងគ្នារវាងយោធា និងយោធា៕






