ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
(ភ្នំពេញ)៖ នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។






