កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យតាមទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត ឃាត់មនុស្សជាង១៥០នាក់ និងដកហូតសម្ភារពាក់ព័ន្ធបទល្មើស Online Scams

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការរដ្ឋបាលចុះត្រួតពិនិត្យតាមទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃាត់មនុស្សជាង១៥០នាក់ និងដកហូតសម្ភារមួយចំនួនធំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តដោយឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៥ ស្ថិតក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្នុងនោះបិទសៀល១ទីតាំង និងធ្វើរដ្ឋបាល៤ទីតាំង រកឃើញជនបរទេសចំនួន១៥៣នាក់ ស្រី២៧នាក់ ៥សញ្ជាតិ ដូចខាងក្រោម៖

បិទសៀល១ទីតាំង ផ្ទះវីឡា កម្ពស់៣ជាន់ ១៨បន្ទប់ មានម្ចាស់ឈ្មោះ ហាក់ ម៉េងឃាង ភេទប្រុស រកឃើញជនបរទេសចំនួន៤៦នាក់ ស្រី៤នាក់ ៤សញ្ជាតិ (ចិន៣៩នាក់ស្រី២នាក់,ហ្វីលីពីន៣នាក់ប្រុស,ភូមា៣នាក់ស្រី២នាក់ និងកាសាស្ថាន១នាក់ប្រុស) និងរកឃើញសម្ភារៈសង្ស័យមួយចំនួនជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បញ្ជូនជនបរទេសទាំង៤៦នាក់ស្រី៤នាក់ ទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីបន្ដនីតិវិធីបណ្ដេញចេញ និងបញ្ជូនម្ចាស់ទីតាំងទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរបន្ដនីតិវិធី បិទទីតាំងជាបណ្ដោះអាសន្ន។

ធ្វើរដ្ឋបាលចំនួន៤ទីតាំង ដូចខាងក្រោម៖

*ទីតាំងទី១ ម្ចាស់ឈ្មោះ គង់ គឹមលៀង ភេទប្រុស ផ្ទះវីឡាកម្ពស់៣ជាន់ ៨បន្ទប់ នៅភូមិបាលិ លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានជនបរទេសស្នាក់នៅចំនួន៥នាក់ ស្រី២នាក់ ជាជនជាតិចិន ពុំមានសម្ភារៈសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា។

*ទីតាំងទី២ ម្ចាស់ឈ្មោះ អ៊ុន ប៊ុនហេង ភេទប្រុស អគារ៣ល្វែង កម្ពស់៤ជាន់ផ្ទាល់ដី នៅភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានជនបរទេសស្នាក់នៅ២១នាក់ ស្រី១៤នាក់ ៤សញ្ជាតិ (ចិន១១នាក់ ស្រី៨នាក់, វៀតណាម៥នាក់ស្រី, នេប៉ាល់៤នាក់ ប្រុស,មីយ៉ាន់ម៉ា១នាក់ ស្រី) ពុំមានសម្ភារៈសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា។

*ទីតាំងទី៣ ម្ចាស់ឈ្មោះ ខេង សុឃីម ភេទប្រុស អគារកម្ពស់៥ជាន់ផ្ទាល់ដី នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ រកឃើញជនបរទេសស្នាក់នៅចំនួន៦៦នាក់ ស្រី១នាក់ ជាជនជាតិចិន តាមការត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងល្អិតល្អន់ សង្ស័យថាជនបរទេសខាងលើ ជាប់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រុមការងារចម្រុះសម្រេចបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីសាកសួរបន្ដនីតិវិធី និងបានអប់រំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យា។

*ទីតាំងទី៤ ម្ចាស់ឈ្មោះ វ៉ាន រតនា ផ្ទះ១ល្វែង កម្ពស់២ជាន់ ៤បន្ទប់ មានជនបរទេសស្នាក់នៅ១៥នាក់ ស្រី៦នាក់ ជាជនជាតិឥណ្ឌូនេស៊ី បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីសាកសួរបន្ដនីតិវិធី ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា៕

You might also like