អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃអភិបាលខេត្តប៉ៃលិន បានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ដែលស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ សន្តិភាព ពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលព្រះវិស្ណុមួយនេះ បានលេចចេញជារូបរាងឡើងនាពេលខាងមុខ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង ជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះផងដែរ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសនិង អាជ្ញាធរមូលដ្ឋានដើម្បីធ្វើឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា៕






