រដ្ឋាភិបាលជប៉ុន បញ្ជាក់ពីការគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ

ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងជប៉ុន ព្រមទាំងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងបានថ្លែងអំណរគុណដែលជប៉ុនតែងតែអញ្ជើញចូលរួមក្នុងការបំពេញបេសកកម្មរបស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ស្ថានការណ៍នៃការគោរព និងអនុវត្តបទឈប់បាញ់រវាង កម្ពុជា-ថៃ។

ជាការឆ្លើយតប ឯកឧត្តម HAYASHI ក៏បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ។

You might also like