អាជ្ញាធរខណ្ឌព្រែកព្នៅ បន្តចុះត្រួតពិនិត្យទីតាំងសង្ស័យ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ ។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចម្រុះផ្ទាល់ រួមមាន លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីចុះធ្វើការត្រួតពិនិត្យ និងស្វែងរកបទល្មើសបច្ចេកវិទ្យានៅ (Online Scams) តាមទីតាំងគោលដៅមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះពិនិត្យនេះ បានធ្វើឡើងនៅតាមទីតាំងសំខាន់ៗ រួមមាន ផ្ទះប្រជាពលរដ្ឋដែលមានជនជាតិបរទេសស្នាក់នៅ ស្ថិតក្នុងភូមិកោះរងៀង ឃ្លាំងស្តុកបរិក្ខារត្រជាក់ ស្ថិតក្នុងសង្កាត់ពន្សាំង បុរី អូអ៊ិនស៊ី វីឡា (ONC Villa) ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ។
ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផលគឺ ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ។
ដោយឡែក ចំពោះករណីជនជាតិចិនដែលស្នាក់នៅក្នុងភូមិកោះរងៀង ត្រូវបានអាជ្ញាធរបញ្ជាក់ថា គាត់មានមុខរបរពិតប្រាកដជាជាងសំណង់ ហើយមានភរិយាជាជនជាតិខ្មែរ ដោយរស់នៅក្នុងផ្ទះផ្ទាល់ខ្លួន ព្រមទាំងមានលិខិតឆ្លងដែន (Passport) និងឯកសារច្បាប់ស្នាក់នៅត្រឹមត្រូវស្របច្បាប់ទាំងអស់។
ប្រតិបត្តិការនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ និងដើម្បីលុបបំបាត់រាល់ការសង្ស័យ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតនានា ក្នុងភូមិសាស្ត្រខណ្ឌទាំងមូលផងដែរ៕

You might also like