ឃាត់ខ្លួនមនុស្ស ៣នាក់ ករណីបើកត្រាក់ទ័រឈូសបុកកម្ទេចផ្ទះ និងរោងចំការប្រជាពលរដ្ឋ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលស្រុកសំឡូត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសបុកបំផ្លិចបំផ្លាញផ្ទះ និងរោងចំការរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍អំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ល្ងាច នៅចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
១. ឈ្មោះ អេង ណាវី ភេទប្រុស អាយុ ៤៥ឆ្នាំ (ជាមេការ)
២. ឈ្មោះ វ័រ វូ ភេទប្រុស អាយុ ១៨ឆ្នាំ (ជាតៃកុងត្រាក់ទ័រ)
៣. ឈ្មោះ កែវ បូរី ភេទប្រុស អាយុ ២៦ឆ្នាំ (ជាតៃកុងត្រាក់ទ័រ)
(អ្នកទាំង ៣ រស់នៅភូមិ-ឃុំកើតហេតុខាងលើ)។
ជនសង្ស័យទាំងនេះ បានបើកបរត្រាក់ទ័រទៅឈូសបុកផ្ទះ និងរោងចំការ បណ្តាលឱ្យខូចខាតខ្ទេចខ្ទី យ៉ាងធ្ងន់ធ្ងរបំផុត ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសំរិល ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះទៅដល់ទីតាំងភ្លាមៗ។ តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ នៅវេលាម៉ោង ២១:១០នាទី យប់ថ្ងៃដដែល យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកត្រាក់ទ័រទៅឈូសបុកកម្ទេចផ្ទះ និងរោងចំការនោះពិតប្រាកដមែន ដោយធ្វើឡើងតាមបញ្ជារបស់ស្ត្រីម្នាក់ឈ្មោះ សន រ៉ាណែត អាយុ ៤៤ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like