សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក
សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺជាមន្ទីរពេទ្យមួយដែលផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលក្នុងមួយថ្ងៃៗបានជួយសង្គ្រោះ-ព្យាបាល និងថែទាំកុមារ-ទារក ប្រមាណ ៤០០នាក់ ក្នុង១ថ្ងៃ ស្មើនឹងជាង ១២ម៉ឺននាក់ ក្នុង១ឆ្នាំ ដែលចំណាយថវិកាប្រមាណ ៦លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ សម្រាប់ផ្គត់ផ្គង់លើចំណាយប្រតិបត្តិការទាំងមូល។
លក្ខណៈពិសេសមួយទៀតរបស់មន្ទីរពេទ្យ កុមារអង្គរ គឺឧបត្ថម្ភកញ្ចប់អាហារជារៀងរាល់ថ្ងៃដល់គ្រួសារអ្នកជំងឺដែលខ្វះលទ្ធភាព សម្រាប់យកទៅចំអិនដោយខ្លួនឯង ដែលក្នុងនោះមានដូចជា អង្ករ បន្លែ ត្រី សាច់ និងប្រេងជាដើម។
ដោយមើលឃើញពីគុណតម្លៃរបស់មន្ទីរពេទ្យ និងដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តឧបត្ថម្ភជាលើកទី៩ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៦រៀងមក ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ រួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៥កេសធំ, ប្រេងឆា ៤កេស, ទឹកស៊ីអ៉ីវ ៥យួរ, ទឹកត្រី ៥យួរ, ឆៃប៉ូវ ១៥កំប៉ុង, ទឹកបរិសុទ្ធ ២០កេស, និងឃីត (មុង ភួយ សារុង ក្រមា) ចំនួន ២០ឃីត។ បន្ថែមពីនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនគ្រួសារកុមារដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ទឹកដោះគោប្រអប់ ២យួរ, និងថវិកា ៥ម៉ឺនរៀលទៀតផង៕






