ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ដ្រី ក្រោមប្រធានបទ «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ដ្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៃកម្ពុជា» ប្រព្រឹត្តទៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមជំនួយឧបត្ថម្ភដោយអង្គការយូនីស្កូ (UNESCO) នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អំពីសភាពការណ៍ពិតនៅកម្ពុជា និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចពិភាក្សានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយក៏ផ្ដល់ជាឱកាសដ៏កម្រមួយសម្រាប់តួអង្គសំខាន់ៗ ចំនួនពីរ គឺកងកម្លាំងនគរបាលជាតិ និងអ្នកសារព័ត៌មាន ដែលមានគោលដៅរួម និងការទទួលខុសត្រូវរួម គឺបម្រើ និងការពារផលប្រយោជន៍សាធារណៈ និងលើកតម្កើងតម្លៃគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានធ្វើការជួបពិភាក្សាផ្លាស់ប្តូរយោបល់ ស្ដាប់គ្នាទៅវិញទៅមក ចែករំលែកការយល់ដឹង និងបទពិសោធន៍ការងាររបស់ខ្លួនកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ គូសបញ្ជាក់ថា នៅក្នុងបរិបទនៃសង្គមលទ្ធិប្រជាធិបតេយ្យ តួនាទីរបស់អ្នកសារព័ត៌មាន គឺពិតជាមិនអាចត្រូវបានមើលរំលងជាដាច់ខាត។ អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្តម្ភសំខាន់ នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្នុងការបំភ្លឺការពិត និងផ្ដល់ព័ត៌មានមិនលំអៀង ជូនដល់ប្រជាពលរដ្ឋ ដោយដើរទន្ទឹមជាមួយនឹងការគោរពនីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ បានស្នើអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ បន្ថែមពីនេះ ត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពជាពិសេស បញ្ហាក្មេងទំនើង បញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានជំរុញឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឲ្យប្រទេសជាតិអស្ថេរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យខូចប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណៈជន។ ចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយ រូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌ក្នុងសង្គមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ក្នុងការរៀបចំឲ្យមានកម្មវិធីកិច្ចពិភាក្សានេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រតាមរយៈ អង្គការ យូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជួយគាំទ្រគម្រោងនេះតាំងពីដើមរហូតមក ៕






