ជនបរទេសជាង ៧០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សប្រុសស្រី ៧៣នាក់ ដកហូតបានវត្ថុតាងពាក់ព័ន្ធបទលើសមួយចំនួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ដោយក្នុងរង្វង់ប្រតិបត្តិការនេះឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់ ស្រី ៣១នាក់ (ជនជាតិវៀតណាម ៥៦នាក់ ស្រី ២៣នាក់, ជនជាតិចិន ១៣នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៤នាក់ ស្រី ០៣នាក់)។ ដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កុំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ ,ម៉ូនីទ័រ ,ធុងCPU , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសក្រុមការងារបិទទីតាំង(Seal Off) បណ្ដោះអាសន្ន៕






