កម្ពុជា ​យកយន្តការ UN ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ ​បន្ទាប់​ពី​ជម្រើស​ទ្វេភាគី​អស់​លទ្ធ​ភាព

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ការ​ដែលកម្ពុជាជ្រើស​រើស​យក​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​បង្ខំ​ ( Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បី​ដោះ​​ស្រាយ​ការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយសារ​កម្ពុជា​មើល​ឃើញ​ច្បាស់​ និងខិតខំអស់លទ្ធភាព​ក្នុងការ​ចរចាទ្វេភាគីជាមួយថៃ ជាពិសេស​ភាគីថៃបានសម្រេច​លុប​ចោល​អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ជាឯកតោភាគីដែលនេះជាយន្តការ​ទ្វេ​ភាគី​តែ​មួយគ​ត់សម្រាប់ប្រទេសទាំងពីរក្នុងការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ព្រំដែនសមុទ្រជាមួយគ្នា​។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែ​មិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ( Compulsory​ Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះ​ស្រាយ​ការ​ទាមទារដែនសមុទ្រត្រួតស៊ីគ្នាថាជាមួយប្រទេសថៃ។
ឯកឧតុ្តម​បានបញ្ជាក់ថា មូលហេតុដែលកម្ពុជា​ប្រើប្រាស់យន្តការនេះ ដោយសារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលកម្ពុជា និងថៃមានក្របខណ្ឌ​ទ្វេភាគី​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​លើ​ការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនោះ គឺអនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​ឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះ​បញ្ចំាង​ពី​ការ​យល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយ​ព្រំដែនសមុទ្រ និង​អភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងសម្រាប់​ផល​ប្រយោជន៍​ទៅ​វិញទៅមក។
សម្តេចបន្តថា នៅពេលដែលរាជរដ្ឋាភិបាល​ថៃបានប្រកាសថា នឹងដកខ្លួនចេញ​ពី​ក្រប​ខណ្ឌ​ទ្វេភាគី​ដ៏​យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរឱ្យ​សោក​ស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការណ៍នេះមានន័យថា MoU 2001 ដែលជា​ក្រប​ខណ្ឌ​ទ្វេភាគី​ព្រម​ព្រៀង​គ្នាតែ​មួយ​គត់​សម្រាប់​ដោះ​ស្រាយ​តំបន់​ទាមទារ​ដែន​សមុទ្ទ​ត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាច​ យកមក​ប្រើ​ប្រាស់​ទៀត​បាន​ឡើយ​។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចា​ទ្វេភាគី​ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ត្រូវ​បាន​ប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា​បានពិចារណា​យ៉ាង​ម៉ត់​ចត់​បំផុត​នូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និង​​ដែលអាចអនុវត្តទៅបាន។
អនុ​សញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដែលស្គាល់ជាទូទៅថា UNCLOS ជា​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ដែលកំណត់នូវសិទ្ធិ និងការទទួល​ខុស​ត្រូវ​រប​ស់​រដ្ឋ​ភាគី​នានា​ពាក់ព័ន្ធ​នឹង​ដែន​សមុទ្រ​ដែល​ក្នុង​នោះទាំងកម្ពុជានិងថៃជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សារដោយបង្ខំ ដែល​ជា​យន្ត​ការ​ផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS នឹងអនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅចំពោះមុខគណៈកម្មការឯករាជ្យ​មួយ​ដែល​មាន​សមាជិក​ជា​អ្នក​ផ្សះផ្សារ​ចំនួន​៥រូ​ប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរ​ការ​នេះ​នឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះ​ស្រាយ​ជំលោះ​ដោ​​យសន្តិវិធី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទីក៏ធ្លាប់​សម្តែង​ការសោកស្តាយ​ដែលថៃលុបចោល MOU 2001 ហើយ​សម្តេច​បានគូសបញ្ជាក់យ៉ាង​ច្បាស់ថា កម្ពុជា​ធ្វើ​ដំណើ​រទៅកាន់ច្បាប់អន្តរជាតិ ដូច្នេះ សូមកុំចោទប្រកាន់​ថា​កម្ពុជា​ធ្វើ​អន្ត​រ​ជា​តូបនីយ​កម្ម​បញ្ហា​ទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឱ្យភាគីទី៣ឬអន្តរជាតិចូលរួម និង​ក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការ​ទ្វេភាគី​ចាស់​ដែល​ថៃ​លុប​ចោល​ជាឯ​កតោភាគី។ សម្តេចតេជោសង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែល​មានសមត្ថកិច្ចលើបញ្ហាសមុទ្រ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​សម្រេច​ចាប់ផ្តើម​ប្រើ​ប្រាស់​យន្តការ​ផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation ) ក្រោមអនុសញ្ញា UNCLOS ​បាន​ទទួលការគាំទ្រ​យ៉ាងពេញទំហឹងពីស្ថាប័នកំពូល​របស់​ជាតិ ក្រសួង ស្ថាប័ន រហូត​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិ​ខ្មែរ​កំពុ​​ង​ឈរ​នៅ​លើ​ជំហរ​ឯក​ភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការ​ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា​ដោយ​ភាគី​អន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីទទួលបានដំណោះស្រាយមួយ​ត្រឹមត្រូវ យុត្តិធម៌​និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់​សន្តិភាព ស្ថិរភាព​ និងវិបុលភាព​ក្នុង​តំបន់ទាំងមូល៕

You might also like