សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ កម្មករ-កម្មការិនី រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងមកនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារនៃទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ កម្មករ-កម្មការិនី រងរបួសធ្ងន់ចំនួន៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៤ ខែមិថុនាឆ្នាំ ២០២៦ កន្លងទៅ ដែលបច្ចុប្បន្នមានកម្មករ-កម្មការិនី ចំនួន៦នាក់ កំពុងសម្រាកព្យាលនៅមន្ទីរខេត្តស្វាយរៀង និងបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ ចំនួន១នាក់។

ក្នុងនោះក្រុមការងារកាកបាទក្រហមកម្ពុជា បានបែងចែកជាពីរគោលដៅផ្សេងគ្នា ក្នុងការចុះសួរសុខទុក្ខ និងនាំយកថវិកា ដើម្បីជួយសម្រាលការលំបាក ជូនចំពោះបងប្អូន កម្មករ-កម្មការិនីដែលរងរបួសខាងលើ ក្នុងនោះគោលដៅទី១. ដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព អញ្ជើញចុះសួរសុខទុក្ខអ្នករបួសដែលបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

គោលដៅទី២ ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខកម្មករកម្មការិនីចំនួន ៦នាក់ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ក្នុងឱកាសសំណេះសំណាលនាពេលនោះ ក្រុមការងារ បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះបងប្អូននាពេលនេះ និងសូមជូនពរបងប្អូនឆាប់បានជាសះស្បើយ ត្រូវស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីអាចបន្តប្រកបរបរចិញ្ចឹមជីវិតឡើងវិញបាន។ ជាថ្មីម្តងទៀតសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសបងប្អូនដែលជាអ្នកបើកបររថយន្តដឹកកម្មករ-កម្មការិនី ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់គិតគូរពីសុខសុវត្ថិភាពរបស់អ្នករួមដំណើរ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ជាចាំបាច់។

សូមបញ្ជាក់ថា អ្នកដែលរងរបួសបញ្ជូនមកព្យាបាលនៅភ្នំពេញ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកា២លានរៀល។ ដោយឡែកអ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅខេត្តស្វាយរៀង ក្នុងម្នាក់ៗ ទទួលបានថវិកា២លានរៀល។ ជាមួយគ្នាក្រុមការងារបន្តសួរសុខទុក្ខអ្នកជំងឺវះកាត់ចំនួន ៣នាក់ និងស្ត្រីទើបសម្រាលកូនចំនួន១៣ នៅមន្ទីរពេទ្យខេត្តស្វាយរៀងនេះផងដែរ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានកម្មករសរុប ៣៧នាក់ បណ្ដាលឱ្យកម្មករកម្មការិនីរងរបួសសរុបចំនួន ២៥នាក់ស្រី ១៥នាក់ ក្នុងនោះ របួសធ្ងន់៧នាក់ នៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ស្ថិតនៅក្នុងភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង៕

You might also like