កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យរដ្ឋបាលនៅអគារ The Bridge រកឃើញជនបរទេស៤នាក់ ស្នាក់នៅដោយខុសច្បាប់ និងពាក់ព័ន្ធគ្រឿងញៀនជាង៦៥គីឡូក្រាម
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំង អគារ The Bridge ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារសមត្ថកិច្ចចម្រុះចុះដល់ទីតាំងជាក់ស្តែងឃើញថាទីតាំងជា ប្រភេទអគារសហកម្មសិទ្ធ ចែកចេញជាពីរអគារ Residence និងអគារ Soho ក្នុងនោះក្រុមការងារសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យផ្នែកអគារ Soho ដែលមានកម្ពស់ ៤០ជាន់ ស្មើនឹង ៩២៥បន្ទប់ (ជាន់ទី១ ដល់ជាន់ទី៤ ផ្សារទំនើប ជាន់ទី៥ ដល់ជាន់ទី១០ ចំណតយានយន្តជាន់ទី១១ និងទី១២ ជាន់ប្រព័ន្ធទឹក និងភ្លើង ជាន់ទី១៣ អាងហែលទឹក ជាន់ទី១៤ ដល់ ជាន់ទី៣៧ បន្ទប់ស្នាក់នៅជាន់ទី៣៨ ដល់ជាន់ទី៤០ ការិយាល័យរបស់អគារ)។ ជាលទ្ធផលក្រុមការងារសមត្ថកិច្ច ចម្រុះត្រួតពិនិត្យរកឃើញមានមនុស្សស្នាក់នៅសរុបចំនួន១៩៧នាក់ ស្រី៦៧នាក់ មាន១៧សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋាការចុងក្រោយត្រឹមត្រូវ។
ក្នុងនោះ បានបានរកឃើញជនបរទេសស្នាក់នៅខុសច្បាប់ និងជនបរទេសរក្សាទុកគ្រឿងញៀន ខុសច្បាប់ចំនួន៤នាក់ រួមមាន៖ ជនបរទេសដែលពុំមានលិខិតឆ្លងដែនចំនួន៣នាក់ (ចិនម្នាក់, កូរ៉េខាងត្បូងម្នាក់ និងជប៉ុនម្នាក់) បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ជនបរទេសរក្សាទុកគ្រឿងញៀនខុសច្បាប់ម្នាក់ (ជនជាតិអង់គ្លេស) និងដកហូតកញ្ញាក្រៀម ចំនួន១៣១ដុំ ស្មើ៦៥គីឡូក្រាម (ជាន់ទី២៣ បន្ទប់លេខ២៣៥៩) បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីបន្តនីតិវិធី។
ក្រោយពីបញ្ចប់ការរត្រួតពិនិត្យក្រុមការងារចម្រុះ បាននែនាំម្ចាស់ទីតាំងខាងលើត្រូវអនុវត្តដូចខាងក្រោម៖
*១៖ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំត្រូវអនុវត្តទៅតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ
*២៖ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំត្រូវកត់ត្រាភ្ញៀវចេញ ចូលស្នាក់នៅ ប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែរបស់ជនបរទេស និងត្រួតពិនិត្យ នូវឯកសារ លិខិតឆ្លងដែនច្បាប់ដើម និងទិដ្ឋាការដែលមានសុពលភាព និងត្រូវរាយការណ៍ចូលក្នុងប្រព័ន្ធ (FPCS)
*៣៖ មិនត្រូវយកទីតាំងរបស់ខ្លួនធ្វើជាកន្លែងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬធ្វើជាកន្លែងបម្រើសេ វាកម្មផ្លូវភេទ អំពើអានាចារអាសអាភាស និងបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ *៤៖ មិនត្រូវយកទីតាំងរបស់ខ្លួនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
*៥៖ ធានាមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ទំនៀមទំលាប់ ប្រពៃណី សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋ
*៦៖ ក្នុងករណីមានការសង្ស័យលួចលាក់បង្កប់បទល្មើសណាមួយនៅក្នុងបន្ទប់ ឬជាន់ណាមួយ ត្រូវរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យ និងមានចំណាត់ការណ៍ភ្លាម
*៧៖ ក្រោយបញ្ចប់ការត្រួតពិនិត្យរបស់ក្រុមការងារសមត្ថកិច្ចចម្រុះរួចមក ម្ចាស់ទីតាំងត្រូវបន្តត្រួតពិនិត្យនៅ ក្នុងទីតាំងរបស់ខ្លួនតាមជាន់ និងតាមបន្ទប់នីមួយៗ ដើម្បីធានាថា មិនមានករណីបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងមិនមានជនបរទេសស្នាក់នៅប្រមូលផ្តុំខុសច្បាប់៕






