ឯកឧត្តម គន់ គីម កោតសរសើរចំពោះអតីតយុទ្ធជនរស់នៅខេត្តបាត់ដំបង ខិតខំរៀបចំជីវភាព និងការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជីវភាព និងការដាំដុះដំណាំរបស់បងប្អូនអតីតយុទ្ធជន ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានកោតសរសើរដល់ការរៀបចំជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន មានទាំងដំណាំហូបផ្លែ ពិសេសដំឡូងមី។
ក្នុងពេលចុះពិនិត្យពីស្ងានភាព ឯកឧត្តម គន់ គីម ថ្លែងថា នាពេលខាងមុខ អតីតយុទ្ធជន និងក្រុមគ្រួសារដែលរស់នៅទីនេះ, រាជរដ្ឋាភិបាល តាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយក្រសួងពាក់ព័ន្ធ នឹងរៀបចំការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់បងប្អូនអតីតយុទ្ធជនបង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពរស់នៅផងដែរ។
ជាមួយគ្នា ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ចាប់តាំងពីបងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារចូលរស់នៅ គឺបានខិតខំថែទាំ និងរៀបចំផ្ទះបានយ៉ាងល្អប្រសើរ ដែលនេះបង្ហាញថាការផ្តល់អំណោយផ្ទះក្នុងមូលដ្ឋាននេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អតីតយុទ្ធជន និងនិវត្តជន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់រស់នៅភូមិខាងលើនេះផងដែរ៕

You might also like